ខ្លះៗអំពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកទ្វីបអាស៊ី មុនចូលមកដល់នាដើមឆ្នាំក្រោយ

មាស សុផាណារ៉ុង December 28, 2018


អាស៊ី៖ នៅមិនដល់១០ថ្ងៃទៀត ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ដ៏ធំជាងគេប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នឹងត្រូវធ្វើឡើង ដោយប្រទេសអារ៉ាប់រួមនឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតនេះ ជាមួយនឹងសមាសភាពប្រទេសចូលរួមចំនួន២៤ ចេញពី៥តំបន់ធំៗផ្សេងគ្នា ក្នុងទ្វីបដែលមានសមាជិកសរុប៤៧ប្រទេសមួយនេះ។

នេះជាលើកទី១៧ដែល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – Asian Football Confederation ( AFC ) បង្កើតឲ្យមានពានរង្វាន់នេះឡើង ពោលគឺបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៥៦មក សរុបមកទល់ពេលនេះគឺមានរយៈពេល៦២ឆ្នាំគត់។ ឆ្នាំដំបូងនៃពានរង្វាន់ដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដងមួយនេះធ្វើនៅកោះហុងកុង ជើងឯកគឺបានទៅលើ ជម្រើសជាតិកូរ៉េខាងត្បូង ដោយមានប្រទេសតែ៤ប៉ុណ្ណោះចូលរួមប្រកួតនៅជុំផ្ដាច់ព្រ័ត្រ ខណៈអ៊ីស្រាអែល ដែលគ្រានោះស្ថិតនៅក្នុងអាស៊ី គឺជាក្រុមជើងឯករង។ ស្ថិតិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ១៩៥៦មក ក្រុមដែលឈ្នះជើងឯកពាននេះច្រើនជាងគេ គឺជម្រើសជាតិជប៉ុន ( ៤ដង ) អារ៉ាប់ប៊ីតសាវឌីត ( ៣ដង ) អ៊ីរ៉ង ( ៣ដង ) កូរ៉េខាងត្បូង ( ២ដង ) និងអ៊ីស្រាអែល, គុយវែត, អូស្ត្រាលី និងអ៊ីរ៉ាក ធ្លាប់ឈ្នះម្នាក់ម្ដង។

សម្រាប់ឆ្នាំ២០១៩នេះវិញ តាមគម្រោងគឺគ្រោងនឹងប្រព្រឹត្តិទៅរយៈពេលជិត១ខែ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានប្រទេសសរុបចំនួន២៤ចូលរួម នៅក្នុងជុំផ្ដាច់ព្រ័ត្រនេះ បន្ទាប់ពីបានធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ៣ឆ្នាំ តាំងពីឆ្នាំ២០១៥មក ជាមួយសមាជិកដទៃទៀតសរុប៤៥ប្រទេស ( អវត្តមាន ប្រទេសឥណ្ឌូនេស៊ី និង កោះម៉ារៀណាខាងជើង ដែលត្រូវពិន័យដោយសហព័ន្ធបាល់ទាត់ពិភពលោក )។

ក្រុមទាំង២៤ នឹងត្រូវបែងចែកចេញជា៦ពូល ក្នុង១ពូលមាន៤ក្រុម ធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមលេខ១ និងលេខ២ នឹងឡើងទៅវគ្គបន្ត បូកជាមួយក្រុមលេខ៣ ល្អចំនួន៤ក្រុមបន្ថែមទៀតដើម្បីផ្គូរផ្គងប្រកួតក្នុងវគ្គចាញ់ធ្លាក់ ចាប់ពី១៦ក្រុមចុងក្រោយ ដល់វគ្គផ្ដាច់ព្រ័ត្រ។

កីឡដ្ឋានចំនួន៨នឹងត្រូវបានយកមកប្រើប្រាស់សម្រាប់បម្រើដល់ការប្រកួត ដោយយ៉ាងហោចណាស់ក្នុង១កីឡដ្ឋាន អាចប្រើប្រាស់សម្រាប់ការប្រកួតបាន៨ដង។ កីឡដ្ឋានទាំង៨នេះ ស្ថិតនៅក្នុងទីក្រុង៤ផ្សេងគ្នា នឹងបម្រើឲ្យការប្រកួតសរុបចំនួន៦៦ប្រកួតពីដើមដល់ចប់។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៤,៨០០,០០០ ដុល្លារអាមេរិក សម្រាប់ព្រឹត្តិការណ៍ដ៏ធំដែលធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដងមួយនេះ ក្នុងនោះផ្ដល់សម្រាប់ក្រុមជើងឯក ៥លានដុល្លារ ជើងឯករងទទួលបាន ៣លានដុល្លារ ក្រុមធ្លាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ក្រុម ស្មើនឹង២លានដុល្លារ ហើយក្រុមដែលចូលរួមទាំង២៤នឹងទទួលបាន ២០ម៊ឺនដុល្លារ ស្មើៗគ្នាផងដែរ។

សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះ ជម្រើសជាតិកម្ពុជា ក៏បានចូលរួមដូចគ្នា ប៉ុន្តែបានអស់ឱកាសត្រឹមជុំទី៣ ក្រោយចំណាយពេលប្រកួតតាំងពីជុំដំបូង ពោលគឺការប្រកួតជុំទី១ ឈ្នះកោះម៉ាកាវ សរុបទាំង២ជើង ៤ទល់១ កាលពីឆ្នាំ២០១៥ ឡើងមកជម្រុះជុំទី២ ចន្លោះពីឆ្នាំ២០១៥-២០១៦ ដែលរួមពូលជាមួយ ជប៉ុន, ស៊ីរី, អាហ្វហ្គានីស្ថាន និងសិង្ហបុរី បានត្រឹមបាតតារាង និងបន្តជម្រុះក្នុងជុំមួយផ្សេងទៀត ដែលបានយកឈ្នះ ឆាយនីសតៃប៊ិ សរុបទាំង២ជើង ៤ទល់២ ដើម្បីកក់កៅអីមកវគ្គជម្រុះជុំទី៣ ដែលជាជុំចុងក្រោយ ចន្លោះពីឆ្នាំ២០១៧-២០១៨ រួមពូលជាមួយ ហ៊្សកដានី, វៀតណាម និងអាហ្វហ្គានីស្ថាន បញ្ចប់ទៅដោយបានត្រឹមបាតតារាងដូចគ្នា៕

 

រូបភាព៖ The-AFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់