Unai Emery សុំទោសចំពោះការទាត់ដបទឹកចំអ្នកគាំទ្រ នៅក្នុងជំនួបដែល Arsenal ស្មើ Brighton

មាស សុផាណារ៉ុង December 27, 2018


អង់គ្លេស៖ លោក Unai Emery អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានសុំទោសចំពោះការទាត់ដបទឹក នៅក្នុងការប្រកួតដែលក្រុមរបស់លោក ស្មើជាមួយក្រុមម្ចាស់ផ្ទះ Brighton កាលពីយប់មិញ នាជំនួប Boxing Day សប្ដាហ៍ទី១៩ លីគកំពូលអង់គ្លេស។

អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ បានបង្ហាញពីការខកចិត្តរបស់ខ្លួននៅក្នុងការប្រកួតនៅនាទីចុងក្រោយ ហើយបានបែរខ្លួន ទាត់ដបទឹកដោយចៃដន្យ ភ្លាមៗនោះលោកក៏បានសុំទោសបន្ទាប់ពីបានដឹងថា ដបបានចូលទៅក្នុងកន្លែងអង្គុយរបស់អ្នកគាំទ្រ ហើយហាក់ដូចជាប៉ះពាល់អ្នកគាំទ្រម្នាក់ លោក Unai Emery បានសុំការអភ័យទោសបន្ទាប់ពី​ធ្វើរឿងដោយចៃដន្យនេះ។

នៅពេលសួរអំពីរឿងនេះក្រោយមក Emery បាននិយាយថា៖ «ខ្ញុំបាននិយាយទៅកាន់ពួកគេ នូវពាក្យសុំទោសព្រោះខ្ញុំបានទាត់ដបទឹក បន្ទាប់ពីមានការខកចិត្តរបស់ពួកយើងនៅនាទីចុងក្រោយ។ វាមិនអាក្រក់ណាស់ណាទេ ប៉ុន្តែវាបានប៉ះអ្នកគាំទ្រម្នាក់ ខ្ញុំបាននិយាយសុំទោសទៅកាន់គេ»។

ក្រឡេកមកការប្រកួត Arsenal បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយបាននាំមុខមុន ធ្វើបានដោយ Pierre-Emerick Aubameyang នៅនាទី៧។ ទោះជាយ៉ាងណាពួកមិនអាចរកគ្រាប់បាល់បន្ថែមបាន ហើយ Brighton ដែលស្ថិតក្នុងនាមជាក្រុមម្ចាស់ផ្ទះ ក៏អាចរកគ្រាប់បាល់បានស្មើនៅនាទី៣៥។ លទ្ធផលនេះធ្វើឲ្យ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខ៥ តាមពីក្រោយក្រុមកំពូលតារាង Liverpool ដល់ទៅ១៣ពិន្ទុ៕

 

ប្រភព៖ skysports

អត្ថបទ៖ ណារ៉ុង

មតិយោបល់