ផ្លូវការ! Ronaldo មីយ៉ាន់ម៉ា រកបានទ្រនំថ្មីនៅលីគកំពូលថៃ ក្រោយមានដំណឹងដោះដូរតែ២សប្ដាហ៍

មាស សុផាណារ៉ុង December 27, 2018


ថៃ៖ ខ្សែប្រយុទ្ធសញ្ជាតិមីយ៉ាន់ម៉ា Kyaw Ko Ko ដែលគេតែងចាត់ទុកថាជា Ronaldo មីយ៉ាន់ម៉ានោះ នៅទីបំផុតបានចុះហត្ថលេខាជាមួយក្លឹបថ្មីនៃលីគកំពូលថៃ Samut Prakan City FC សម្រាប់កិច្ចសន្យាខ្ចីជើងពីក្លឹប Yangon United ក្រោយពីបានចំណាយរយៈពេលមួយឆ្នាំជាមួយនឹងក្លឹប Chiangrai United ដោយពុំជោគជ័យ។

កាលពី២សប្ដាហ៍មុន Kyaw Ko Ko ត្រូវបានសារព័ត៌មានក្នុងស្រុករបស់ខ្លួនចុះផ្សាយអំពីការដោះដូរទៅចូលរួមជាមួយក្លឹប Samut Prakan នេះ ប៉ុន្តែស្ថិតដំណាក់កាលដំបូង ដោយពុំទាន់ឈានដល់ការប្រកាសជាផ្លូវការ ខណៈនៅល្ងាចថ្ងៃទី២៦ ម្សិលមិញ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Samut Prakan មួយនេះបានប្រកាសពីការចុះហត្ថលេខាជាផ្លូវការតែម្ដង។ សូមបញ្ជាក់ថា Samut Prakan បានប្រកួតនៅក្នុងរដូវកាលមុននៃក្របខ័ណ្ឌ Thai League 1 ក្នុងនាមជាក្រុមដែលមានឈ្មោះថា Pattaya United FC ដែលពួកគេបានបញ្ចប់ដោយទទួលបានចំណាត់ថ្នាក់លេខ៨។ បន្ទាប់ពីរដូវកាលឆ្នាំ២០១៨បញ្ចប់ ម្ចាស់ក្លឹបបានសម្រេចផ្លាស់ប្តូរឈ្មោះក្លឹប និងផ្លាស់ប្ដូរទៅទីក្រុង Samut Prakan ឱ្យសមទៅនឹងឈ្មោះថ្មី Samut Prakan City នេះ។

គួររំលឹកដែរថា កាលពីរដូវកាលមុនកីឡាករ Kyaw Ko Ko បានលេងឱ្យ Chiangrai United ក្នុងរយៈពេលមួយឆ្នាំខ្ចីជើងពីក្លឹប Yangon United ប៉ុន្តែជួបរឿងដ៏អាក្រក់ដោយមានបញ្ហារបួសធ្ងន់ធ្ងរខកខានមិនអាចប្រកួតដល់ចប់រដូវកាល២០១៨ ដោយបង្ហាញខ្លួនបានតែ៧ប្រកួតប៉ុណ្ណោះ ក្រោយការបង្ហាញមុខជាមួយក្លឹបបានតែ១ខែ៕

 

រូបភាព៖ สมุทรปราการซิตี้ เอฟซี SPCFC

អត្ថបទ៖ ណារ៉ុង

មតិយោបល់