ថៃ ជួបកង្វល់ធំមួយ ក្រោយអ្នកចាំទី Kawin Thamsatchanan មិនអាចជួយជម្រើសជាតិបាន

មាស សុផាណារ៉ុង December 26, 2018


ថៃ៖ អ្នកចាំទីដៃទី១នៃក្រុមជម្រើសជាតិថៃ Kawin Thamsatchanan ទីបំផុតបានដកខ្លួនពីក្រុមហើយបន្ទាប់ស្ថានភាពរបួសមិនទាន់ធូរស្រាល១០០ភាគរយ នេះបើតាមការបញ្ជាក់ជាសាធារណៈ ដោយសហព័ន្ធកីឡាបាល់ទាត់ថៃ ផ្ទាល់តែម្ដង។

Kawin បានត្រលប់មកចូលរួមជាមួយក្រុមជម្រើសជាតិថៃ តាំងពីថ្ងៃទី២១ ខែធ្នូ ប៉ុន្តែចាប់តាំងពីចូលរួមមករូបគេពុំបានហ្វឹកហាត់ជាមួយក្រុមឡើយ ដោយសារមានបញ្ហារបួសតាំងពីខែតុលាមកម្លេះជាមួយក្លឹបដែលខ្លួនកំពុងប្រកបអាជីពជាមួយ Oud-Heverlee Leuven ( ក្លឹបប្រកួតនៅលីគទី២ ប៊ែលហ្ស៊ីក )។ ដោយស្ថានភាពមិនច្បាស់លាស់១០០ភាគរយ ដូច្នេះ Kawin នឹងមិនអាចជួយក្រុមប្រកួតក្នុងយុទ្ធនាការជើងឯកទ្វីបអាស៊ីបានឡើយ។

សម្រាប់ក្រុមជម្រើសជាតិថៃ នឹងធ្វើការប្រកួតមិត្តភាពបិទទ្វារមួយ នៅថ្ងៃនេះជាមួយក្រុមបាល់ទាត់អាជីពក្នុងស្រុកដើម្បីជម្រុះយកកីឡាករត្រឹម២៣នាក់ចុងក្រោយ ដើម្បីធ្វើដំណើរទៅប្រកួតក្នុងពានរង្វាន់ធំជាងគេប្រចាំទ្វីបអាស៊ីមួយនេះ។ គួរដឹងដែរថា ជម្រើសជាតិថៃ នឹងត្រូវតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូល A ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន ដែលនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី​០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួម៕

 

រូបភាព៖ Getty Images / Plumb Images

ប្រភព៖ fathailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់