បងប្អូនត្រកូល Younghusband ត្រូវបានភ្នាក់ងារទុកជាបេក្ខភាពគួរត្រូវទៅប្រកបអាជីពនៅលីគថៃ

មាស សុផាណារ៉ុង December 25, 2018


ថៃ៖ ខ្សែប្រយុទ្ធ២នាក់បងប្អូន នៃសមាជិកក្រុមជម្រើសជាតិហ្វីលីពីនត្រកូល Younghusband ត្រូវបានភ្នាក់ងារដាក់សំណើរទៅកាន់ក្រុមនៅលីគកំពូលរបស់ថៃ សម្រាប់ឆ្នាំ២០១៩ ដើម្បីពិចារណានាំគេទាំង២នាក់ទៅចូលរួមក្រុម។

ទីផ្សារដោះដូរកីឡាករក្នុងក្របខ័ណ្ឌលីគកំពូលថៃ ឆ្នាំ២០១៩ ផ្តល់ឱ្យក្លឹបទាំងអស់នាំចូលកីឡាករពីតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមជាមួយក្រុមនេះដោយគ្មានដែនកំណត់ ហើយករណីដូចបងប្អូនប្រុសត្រកូល Younghusband ដែលបានលេងច្រើនជាង១០០ប្រកួត ឲ្យក្រុមជម្រើសជាតិហ្វីលីពីន ក៏បានដាក់ស្នើដល់ក្រុមជាច្រើនក្នុងលីគថៃផងដែរ។

កីឡាករ James Younghusband (វ័យ៣២ឆ្នាំ) និងកីឡាករ Phil Younghusband (វ័យ៣១ឆ្នាំ) ត្រូវបានដឹងថាកើតនៅ As​hford នៃប្រទេសអង់គ្លេស គឺជាយុវជនថ្នាលរបស់ក្លឹប Chelsea នៅចន្លោះឆ្នាំ ១៩៩៧-២០០៣​។ បច្ចុប្បន្ននេះពួកគេទាំងពីរកំពុងលេងជាមួយក្លឹប Davao Aguilas ហើយមានឈ្មោះប្រកួតក្នុង AFF Suzuki Cup ជាមួយក្រុមជម្រើសជាតិ ឆ្នាំ២០១៨នេះផងដែរ។

ក៏មានសេចក្តីរាយការណ៍បន្ថែមទៀតថាខ្សែប្រយុទ្ធទាំង២នាក់បងប្អូននេះ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីកាត់បន្ថយប្រាក់បៀវត្សរ៍របស់ខ្លួន ដើម្បីមានឱកាសប្រកួតប្រជែងថ្មីនៅលីគកំពូលថៃ ឆ្នាំ២០១៩៕

 

ប្រភព៖ siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់