សហព័ន្ធខ្សែតូចខ្វះការលើកទឹកចិត្ត និងគាំទ្រពីថ្នាក់ដឹកនាំកីឡា?

នូ មករា December 25, 2018


ភ្នំពេញ៖​ នេះមិនមែនជារឿងថ្មីអីនោះទេ ដែលសហព័ន្ធជាតិដែលមិនល្បីក្នុងការប្រជែងយកមេដាយនៅឆាកអន្តរជាតិ មិនដែលបានទទួលការយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់ក្រោមរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការរៀបចំការប្រកួតនីមួយៗឡើយ ខណៈដែលបច្ចុប្បន្ន ថ្នាក់ដឹកនាំកីឡាកំពូលៗនៅកម្ពុជាកំពុងដុតដៃដុតជើងក្នុងការជំរុញប្រភេទកីឡាទាំងអស់ឱ្យទទួលបាននូវភាពរីកចម្រើនទាំងបច្ចេកទេស និងគុណភាពនោះ។ បច្ចុប្បន្ននេះ យើងឃើញមានសហព័ន្ធដែលទទួលបានប្រជាប្រិយភាពខ្លាំងគឺសុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់ក្រោមរហូតទៅដល់ថ្នាក់លើមិនដែលដាច់ឡើយ បើទោះបីការប្រកួតថ្នាក់ជាតិនីមួយៗក្រសួងអប់រំយុវជន និងកីឡា ផ្ដល់ជាថវិកា និងបានតម្រូវឱ្យសហព័ន្ធខ្លួនឯងជាអ្នករៀបចំទាំងអស់ក៏ដោយចុះ ក៏គេសង្កេតឃើញមានមន្ត្រីថ្នាក់ក្រោម និង ខាងអគ្គនាយកដ្ឋានកីឡាចូលរួមយ៉ាងច្រើកកុះករដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះសហព័ន្ធកីឡាគុនដាវកម្ពុជាបានរៀបចំការប្រកួតជម្រើសជើងឯកជាតិប្រចាំឆ្នាំនៅលើទីលានសាលារៀនឯកជននៃកីឡដ្ឋានវេស្ទើនក្នុងខណ្ឌទួលគោករាជធានីភ្នំពេញដោយបានអូសបន្លាយរហូតដល់ពេលយប់ ប៉ុន្តែគ្មានសូម្បីមន្ត្រីនៃនាយកដ្ឋានកីឡាណាមួយមកអើតសូម្បីតែម្នាក់បើទោះបីសហព័ន្ធបានធ្វើលិខិតអញ្ជើញក៏ដោយ។ កត្តានេះធ្វើឱ្យសហព័ន្ធកីឡាជាតិនានាក្នុងប្រទេសដែលមានជាង ៤០សហព័ន្ធទាំងកីឡាមិនអូឡាំពិក និងអូឡាំពិកនោះ អាចបាក់ទឹកចិត្តនៅពេលដែលគ្មានការយកចិត្តទុកដាក់ណាមួយមកលើពួកគេ ខណៈដែលសហព័ន្ធដែលក្រសួងអប់រំយុវជន និងកីឡា ឧស្សាហ៍ទៅអើតនោះមានតែ៧ទៅ៨សហព័ន្ធតែប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក សុខ អាង ដែលគ្រប់គ្រងការប្រកួតគុនដាវមានទស្សនៈថា៖ «ការប្រកួតមានភាពប្រសើរជាងមុនព្រមទាំងមានសិស្សានុសិស្សចូលទស្សនាច្រើន ប៉ុន្តែខ្វះការចូលរួមជាកិត្តិយសរបស់ថ្នាក់ដឹកនាំកីឡាដើម្បីធ្វើជាអ្នកមុខអ្នកការ ឬគណៈអធិបតី ខណៈការប្រកួតដែលចំណាយថវិកាជាតិមានការយកចិត្តទុកដាក់តិចតួចពីមន្ត្រីជាន់ខ្ពស់ជាងការប្រកួតកីឡារបស់វិស័យឯកជន»។ អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជារូបនេះបន្តថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ ២០១៨នេះមានកីឡាករ-កីឡាការិនីចូលរួមជាក់ស្តែង គ្មានកីឡាករខ្មោច ឬមន្ត្រីខ្មោចទេ សរុបមានចំនួន ៦៥នាក់ក្នុងនោះ ស្ត្រីមាន ១៣នាក់ដែលពួកគាត់មកពីក្លិបចំនួន ៥មានក្លិបហូសាណា ក្លិបអ៊ីសា ក្លិបវេស្ទើន ក្លិបសន្ធរម៉ុក និងក្លិបនរាមកពីខេត្តសៀមរាប»។ លោកបានបន្ថែមថា៖ «ការប្រកួតជម្រើសថ្នាក់ជាតិប្រចាំឆ្នាំដែលប្រើប្រាស់ថវិការាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨នេះ ទទួលបានលទ្ធផលប្រសើរជាងមុនៗហើយការជ្រើសរើសយកទីលានសាលារៀនឯកជនគឺកីឡដ្ឋានវេស្ទើន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនេះគឺក្នុងគោលបំណងឲ្យមានសិស្សសាលាចូលទស្សនាបានច្រើននិងអាចនឹងទាក់ទាញពួកគេឲ្យចាប់អារម្មណ៍ផ្នែកកីឡាគុនដាវនេះផងដែរ»។

លោកបន្តថា៖ «ជាលទ្ធផលការប្រកួតមានអ្នកទស្សនាច្រើនបំផុតបើធៀបទៅនឹងប្រភេទកីឡាខ្លះដែលប្រកួតប្រើប្រាស់ថវិកាក្រសួងប៉ុន្តែគ្មានអ្នកចូលទស្សនាទេ»។ទោះបីជាយ៉ាងនេះក្តីសកម្មភាពប្រកួតបានល្អ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមិនមានវត្តមានចូលរួមទេ ដែលការអវត្តមាននោះអាចមានន័យថាការឲ្យតម្លៃការប្រកួតថ្នាក់ជាតិ និងការចំណាយលុយជាតិ ស្ថិតក្នុងកម្រិតទាបពីមន្ត្រីទាំងនោះ ពោលគឺឲ្យតម្លៃមិនស្មើទៅនឹងការប្រកួតប្រដាល់ឯកជនមួយផង ខណៈមន្ត្រីរបស់ក្រសួង ឬសហព័ន្ធប្រជែងគ្នាទៅចូលរួម។ លោក សុខ អាង បានបន្ថែមថា លោកបានអញ្ជើញខាងអគ្គនាយកកីឡា ឬតំណាងក្រសួង ហើយមានការឆ្លើយតបថានឹងមានវត្តមាន លោក ម៉ិល កាដូ អគ្គនាយករងកីឡាចូលរួម ហើយមានការអញ្ជើញខាងគណៈកម្មាធិការជាតិអូឡាំពិកដែរប៉ុន្តែចុងក្រោយគ្មានអ្នកមកចូលរួមសោះ។ លោក សុខ អាង ដែលមានជំនាញផ្នែកច្បាប់កីឡាផងនោះ បានបង្ហាញទស្សនៈចង់ឲ្យមានការកែទម្រង់តាមរយៈការលើកឡើងថា៖ «កីឡាគួរតែកែទម្រង់ចាស់ៗ ដែលមានភាពសាំញុាំ ស្មុគស្មាញ ឬរបបដឹកនាំបែបអញនិយមនោះចោលខ្លះទៅ»។ ក្នុងនោះដែរ លោកបញ្ជាក់ថា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបានលទ្ធផលល្អគួរតែគ្រប់សហព័ន្ធកីឡាជាតិរកគ្រូបង្វឹកជំនាញមកពីបរទេសជួយបន្ថែមទៀត៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់