The Hulk របស់ថៃ ត្រូវបានគ្រូផ្លាស់ពីតួនាទីប្រយុទ្ធ មកឲ្យលេងបម្រើ និងការពារ

មាស សុផាណារ៉ុង December 24, 2018


ថៃ៖ ខ្សែប្រយុទ្ធដែលត្រូវបានគេចាត់ទុកថា Hulk របស់ថៃ កីឡាករ Siroj Chatthong ត្រូវបានគ្រូបង្វឹកនៃក្រុមជម្រើសជាតិ លោក Milovan ផ្លាស់ឲ្យមកលេងតួនាទីបម្រើ ឬក៏ការពារវិញ នេះបើតាមការសង្កេតរបស់សារព័ត៌មានថៃ ក្នុងជំរុំហ្វឹកហាត់ត្រៀមពានជើងឯកទ្វីបអាស៊ី។

ពីការហ្វឹកហាត់នៅល្ងាចថ្ងៃទី២១ ខែធ្នូ កន្លងទៅនេះគ្រូបង្វឹក លោក Milovan Rajevac បានកែតួនាទីរបស់សមាជិកក្រុម PT Prachuap FC កីឡាករ Siroj Chatthong ឲ្យលេងក្នុងតួនាទីទាំងបម្រើ និងការពារ។ ការផ្លាស់ប្ដូរនេះត្រូវបានគ្រូបង្វឹកសញ្ជាតិស៊េប៊ី បញ្ជាក់ថា ដោយសារតែ Siroj មានកាយសម្បទាល្អ មាំ និងល្បឿនលឿន ហើយលោកនឹងព្យាយាមរកតំណែងដែលស័ក្តិសមសម្រាប់គេ។

យ៉ាងណាមិញ ក្រុមដែលបច្ចុប្បន្នមានកីឡាករ២៧នាក់ក្នុងជុំរំហ្វឹកហាត់មួយនេះ នឹងត្រូវកាត់មកនៅត្រឹម២៣នាក់ចុងក្រោយ នៅថ្ងៃទី២៦ខាងមុខនេះ ដើម្បីធ្វើដំណើរទៅប្រកួតក្នុងពានរង្វាន់ធំជាងគេប្រចាំទ្វីបអាស៊ីមួយនេះ។ គួរដឹងដែរថា ជម្រើសជាតិថៃ នឹងត្រូវតតាំងជាមួយក្រុមខ្លាំង៣ក្នុងពូល A ជាមួយម្ចាស់ផ្ទះ អារ៉ាប់រួម, ឥណ្ឌា និងបារ៉ែន ដែលនឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី​០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសអារ៉ាប់រួម៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់