យុវជនម៉ាឡេស៊ីមួយរូប ក្លាយជាកីឡាករម៉ាឡេស៊ីដំបូងគេ ទៅប្រកបអាជីពនៅលីគទី២ជប៉ុន

មាស សុផាណារ៉ុង December 21, 2018


 

ម៉ាឡេស៊ី៖ ខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៩ឆ្នាំ Hadi Fayyadh កាលពីម្សិលមិញត្រូវបានក្លឹបនៅលីគលំដាប់ទី២ជប៉ុន Fagiano Okayama ប្រកាសពីការចុះហត្ថលេខានាំយកមករូបគេរួមក្រុមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ។

កាលពីមុនផងដែរកីឡាកររូបនេះក៏ធ្លាប់បានចូលរួមជាមួយក្រុមនៅលីគទី២ជប៉ុនដូចគ្នា ដោយស្ថិតក្នុងការធ្វើតេស្តប៉ុណ្ណោះ ពោលគឺជាមួយក្លឹប Roasso Kumamoto រយៈពេល១សប្ដាហ៍ ប៉ុន្តែពុំមានការឆ្លើយតបពីក្លឹបនោះវិញ រហូតមកដល់ពេលនេះចូលរួមជាមួយ Fagiano Okayama ក្នុងកិច្ចសន្យាអាជីព។ ការចូលរួមនេះនឹងធ្វើឲ្យរូបគេក្លាយជាកីឡាករម៉ាឡេស៊ីដំបូងដែលប្រកួតនៅលីគលំដាប់ទី២ជប៉ុន។

ប៉ុន្មានឆ្នាំមុនក៏ធ្លាប់មានកីឡាករ២នាក់នៃសមាជិកក្រុមជម្រើសជាតិយុវជនម៉ាឡេស៊ីផងដែរ ទៅចូលរួមជាមួយក្លឹបនៅលីគទី៣ជប៉ុន គឺកីឡាករ Wan Zack Haikal និង Nazirul Naim ប៉ុន្តែពុំសូវទទួលបានជោគជ័យ។ សម្រាប់ការទទួលកិច្ចសន្យាអាជីពជាមួយក្លឹបនៅលីគក្នុងប្រទេសដ៏ល្បីល្បាញលើវិស័យបាល់ទាត់មួយនេះចំពោះ Handi អាចថាជាគំរូសម្រាប់កីឡាករវ័យក្មេងដទៃទៀតក្នុងការទៅប្រកបអាជីពនៅក្រៅប្រទេស។

សូមបញ្ជាក់ថា Hadi Fayyadh បច្ចុប្បន្នទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ ធ្លាប់ជាយុវជនរបស់ Frenz United ដែលធ្លាប់មកប្រកួតនៅកម្ពុជា ជាមួយយុវជនភ្នំពេញក្រោន មុននឹងរូបគេផ្លាស់ទៅចូលរួមជាមួយ Johor Darul Ta’zim II និង ក្រុមធំ Johor Darul Ta’zim រហូតដល់ផ្លាស់ទៅចូលរួមជាមួយ ក្លឹបនៅលីគទី២ជប៉ុនមួយនេះ៕

 

ប្រភព៖ semuanyabola

អត្ថបទ៖ ណារ៉ុង

មតិយោបល់