លីគដែលប្រកួតយូរជាងគេក្នុងតំបន់អាស៊ាន «ឥណ្ឌូនេស៊ីលីគ» នឹងរកឃើញជើងឯកនៅយប់នេះ

មាស សុផាណារ៉ុង December 9, 2018


ឥណ្ឌូនេស៊ី៖ លីគកំពូលឥណ្ឌូនេស៊ី ( Go-Jek Traveloka Liga 1 ) នឹងរកឃើញជើងឯករបស់ខ្លួននៅយប់នេះ បន្ទាប់ពីចំណាយពេលប្រកួតដល់ទៅជាង៩ខែ ចាប់តាំងពីខែមិនាមក នឹងអាចនិយាយបានថាមានរយៈពេលយូរជាងគេក្នុងប្រទេសជាសមាជិកនៅតំបន់អាស៊ីអាគ្នេយ៍។

លីគកំពូលឥណ្ឌូនេស៊ី មានក្រុមចំនួន១៨ ដែលសរុបស្មើនឹង៣៤ប្រកួត សម្រាប់ក្រុមនីមួយៗ ប៉ុន្តែឆ្លងកាត់ការប្រកួតមកដល់សប្ដាហ៍ចុងក្រោយនេះ គឺមានតែ២ក្រុមប៉ុណ្ណោះដែលកំពុងប្រជែងតំណែងជើងឯកនៃពានដែលធំជាងគេប្រចាំប្រទេសមួយនេះ ពោលគឺរវាង Persija Jakarta និង PSM Makassar ដោយកំពុងប្រដេញពិន្ទុគ្នាតែ១ពិន្ទុ ពោលគឺ Persija Jakarta កំពុងមាន៥៩ពិន្ទុ ខណៈ PSM Makassar មាន៥៨ពិន្ទុ ដោយទាំង២ក្រុមសុទ្ធតែត្រូវការលទ្ធផលឈ្នះដូចគ្នា។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ជើងឯកនៃពានលីគកំពូលដដែលនេះ គឺបានទៅលើក្រុម Bhayangkara ​FC ខណៈ២ក្រុមដែលកំពុងប្រជែងជើងឯកនាឆ្នាំនេះ Persija Jakarta ឈរនៅលេខ៤ និង PSM Makassar ឈរនៅលេខ៣ កាលពីរដូវកាល២០១៧។

ក្រុម Persija Jakarta

ក្រុម PSM Makassar

 

គួរដឹងដែរថា លីគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ទីម័រខាងកើត, ថៃ និងវៀតណាម នាពេលបច្ចុប្បន្នបានបញ្ចប់ និងរកឃើញជើងឯកហើយ លើកលែងតែលីគកំពូលព្រុយណេ មួយគត់ដែលត្រូវប្រកួតដល់ឆ្លងចូលឆ្នាំ២០១៩ ទើបរកឃើញជើងឯក៕

 

រូបភាព៖ Go-Jek Traveloka Liga 1 & Persija Jakarta & PSM Makassar

អត្ថបទ៖ ណារ៉ុង

មតិយោបល់