Man UTD ចង់បានគ្រូ Spur ដើម្បីមកជំនួសតំណែង Mourinho

មាស សុផាណារ៉ុង December 7, 2018


អង់គ្លេស៖ Manchester United ត្រូវបានរាយការណ៍ថាចង់បានគ្រូបង្វឹករបស់ Spurs គឺលោក Mauricio Pochettino ដើម្បីជំនួសលោក Jose Mourinho … ប៉ុន្តែវាអាចនឹងចំណាយអស់រហូតដល់៤០លានផោន។

ជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើងកាន់តែខ្ពស់នៅ Old Trafford នោះកៅអីរបស់លោក Jose Mourinho នៅក្រុមបិសាចក្រហមមួយនេះ ហាក់មិនមានសុវត្ថិភាពនោះទេ។ យោងតាមកាសែត The Sun បានឱ្យដឹងថាគោលដៅចម្បងដែលត្រូវជំនួសតំណែងគ្រូបង្វឹកនៅរដូវក្តៅខាងមុខនេះគឺលោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ Tottenham ប៉ុន្តែពួកគេនឹងត្រូវចំណាយប្រាក់៤០លានផោនថ្លៃឈ្នួលរបស់គាត់។

គ្រូបង្វឹកសញ្ជាតិ អាហ្សង់ទីនធ្វើបានយ៉ាងល្អជាមួយ Tottenham ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ។ ទន្ទឹមនឹងនេះដែរក្រុម Manchester United កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៨។

ប្រសិនបើទម្រង់លេងដ៏អាក្រក់របស់ Man United នៅតែបន្ត ហើយពួកគេមិនមានកៅអីសម្រាប់ក្របខ័ណ្ឌ Champions League នោះក្លិបនឹងពិតជាអាចបណ្តេញលោក Mourinho។

កាលពីខែឧសភា Pochettino បានចុះកិច្ចសន្យា៥ឆ្នាំថ្មី រហូតដល់ឆ្នាំ២០២៣ ដែលមានតម្លៃ ៨,៥លានផោនក្នុងមួយឆ្នាំដូច្នេះ Manchester United នឹងត្រូវចំណាយប្រាក់លើនេះដើម្បីនាំគ្រូបង្វឹកវ័យ៤៦ឆ្នាំរូបនេះមកដឹកនាំក្រុម។ ទោះជាយ៉ាងណា Pochettino បាននិយាយថាគាត់ចង់ផ្លាស់ប្ដូរសមាជិកក្រុមខ្លះនៅពេលទីផ្សារដោះដូរកីឡាករបើកនៅខែក្រោយនេះ។ Spurs មិនបានចំណាយប្រាក់យ៉ាងច្រើនទាល់តែសោះបើប្រៀបធៀបនឹងគូប្រជែងដ៏ទៃទៀត ចាប់តាំងពី Pochettino មកកាន់កាប់ ជាក់ស្ដែងរដូវកាលនេះក្លឹបមិនបានចុះហត្ថលេខានាំយកកីឡាករណាម្នាក់ឡើយ ដូច្នេះបើសិនជាលោកមិនត្រូវបានផ្តល់កញ្ចប់លុយដើម្បីចុះហត្ថលេខាលើការនាំយកគោលដៅថ្មីទេ នោះលោកប្រហែលជាចាប់ផ្តើមស្វែងរកក្លឹបផ្សេងទៀត៕

 

ប្រភព៖ dailymail

អត្ថបទ៖ ណារ៉ុង

មតិយោបល់