AFF Suzuki Cup៖ វៀតណាម និងហ្វីលីពីន តតាំងគ្នាដណ្ដើមកៅអីឡើងវគ្គផ្ដាច់ព្រ័ត្រយប់នេះ

មាស សុផាណារ៉ុង December 6, 2018


វៀតណាម៖ ជម្រើសជាតិវៀតណាម នឹងត្រូវប្រកួតទល់នឹង ជម្រើសជាតិហ្វីលីពីន ក្នុងជំនួបកាត់សេចក្ដីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ជើងទី២ នៅកីឡដ្ឋាន May Dinh ទីក្រុងហាណូយ ដើម្បីដណ្ដើមកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយម៉ាឡេស៊ី ដែលបានឈ្នះថៃម្សិលមិញ។

គ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang-seo បាននិយាយថាលោកមានអារម្មណ៍ថាមានសម្ពាធ ប៉ុន្តែនៅតែមានការជឿជាក់ថាវៀតណាមនឹងមានការប្រកួតល្អជាមួយហ្វីលីពីន ក្នុងវគ្គទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup នៅរាត្រីនេះ នាទីក្រុងហាណូយ។ លោកបានមានប្រសាសន៍ថា៖ «យើងបានខកខានឱកាសជាច្រើនក្នុងការប្រកួតនោះ យើងត្រូវតែកែសម្រួល ហើយកីឡាករត្រូវតែបន្តការផ្តោតអារម្មណ៍គ្រប់ពេល»។

ការលេងនៅផ្ទះគឺជាគុណសម្បត្តិមួយសម្រាប់វៀតណាម ដោយត្រូវការត្រឹមលទ្ធផលស្មើក៏អាចធានាកៅអីឡើងងទៅវគ្គផ្ដាច់ព្រ័ត្រដោយសុវត្ថិភាព។ យ៉ាងណាមមិញវៀតណាមស្ថិតនៅក្នុងស្ថានភាពដូចគ្នាកាលពី៤ឆ្នាំមុន ពីការប្រកួតទល់នឹងម៉ាឡេស៊ី កាលគ្រានោះពួកគេបានទទួលជ័យជម្នះ ២-១ ក្នុងទីក្រុងគូឡាឡាំពួ ប៉ុន្តែបានចាញ់វិញ ៤-២ នៅទីក្រុងហាណូយ និងត្រូវអង្គុយមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រពីផ្ទះ។ «យើងបានលេងការប្រកួតជើងទីមួយយ៉ាងល្អ ប៉ុន្តែក្រុមគួរតែចងចាំហើយចៀសវាងអ្វីដែលបានកើតឡើងទល់នឹងការប្រកួតជាមួយម៉ាឡេស៊ី នៅឆ្នាំ២០១៤។ យើងត្រូវគ្រប់គ្រងខ្លួនឯងហើយត្រូវប្រាកដថាយើងមិនធ្វើដូចគ្នាម្តងទៀតនូវកំហុសឆ្គងដដែល»

ដោយឡែក លោក Sven Goran Eriksson ដែលជាគ្រូបង្វឹករបស់ហ្វីលីពីនវិញ បានបង្ហាញពីជំនឿថាក្រុមរបស់គាត់អាចទទួលបានជោគជ័យនៅក្រៅផ្ទះ។ Eirsson បាននិយាយថា៖ «ជាអកុសលយើងបានចាញ់ការប្រកួតជើងទី១។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញនៅថ្ងៃស្អែក ប៉ុន្តែយើងមិនមែនមានវត្តមាននៅទីនេះគ្រាន់តែអ្នកទេសចរនោះទេ។ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព»។ សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះរវាងវៀតណាម ជាមួួយហ្វីលីពីន ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ នេះ នៅកីឡដ្ឋាន May Dinh Stadium ប្រទេសវៀតណាម វេលាម៉ោង ៧:៣០ នាទីយប់។ លទ្ធផលកាលពីជើងទី១រវាងក្រុមទាំងពីរគឺបញ្ចប់ទៅដោយលទ្ធផល វៀតណាម២ ហ្វីលីពីន១៕

 

រូបភាព៖ AFF Suzuki Cup

អត្ថបទ៖ ណារ៉ុង

មតិយោបល់