Adisak ទាញក្រុមមិនឲ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយខកខានឱកាសចុងក្រោយ នាំក្រុមស្មើម៉ាឡេស៊ី

មាស សុផាណារ៉ុង December 5, 2018


ថៃ៖  ក្រុមដំរីសឹកថៃ បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF Suzuki Cup 2018 ហើយមុននេះបន្តិចក្រោមថ្វីជើងក្រុមខ្លាធំម៉ាឡេស៊ី បន្ទាប់ពីស្មើគ្នា ២ទល់២ ( ម៉ាឡេស៊ី ឈ្នះដោយសារគ្រាប់បាល់ក្រៅដី ) នៅលើកីឡដ្ឋាន Rajamangala ដែលជាទឹកដីរបស់ខ្លួន។

ក្នុងការប្រកួតម្ចាស់ផ្ទះថៃ បានបើកការនាំមុខមុននៅនាទី២១ ក្រោយកីឡាករម៉ាឡេស៊ី Irfan bin Zakaria ធ្វើឲ្យចូលទីខ្លួនឯងដោយ​អចេតនា តែរំលងបានតែ៧នាទី ពោលគឺនៅនាទី២៨ ម៉ាឡេស៊ី បានរកគ្រាប់បាល់តាមស្មើ ១ទល់១ វិញធ្វើបានដោយ​កីឡាករ Syahmi bin Safari និងរក្សាលទ្ធផលនេះដល់ចប់វគ្គទី១។ នៅវគ្គទី២ គ្រាប់បាល់ក៏កើតឡើងជាបន្ថែមទៀត លើកនេះជាការទាត់ចូលនាំមុខដោយថៃដដែល ធ្វើបានសម្រេចដោយកីឡាករ Pansa Hemviboon នៅនាទី៦៣ ប៉ុន្តែមិនបង្អង់យូររំលងមិនដល់​១០នាទី ម៉ាឡេស៊ី ក៏បានតាមពីក្រោយ១គ្រាប់វិញជាថ្មីម្ដងទៀតដែឡធ្វើបានសម្រេចដោយកីឡាករ Norshahrul Idlan។

រឿងដែលខកចិត្តបំផុតនោះ ក្នុងម៉ោងបន្ថែម ថៃទទួលបានបានពិន័យ១១ម៉ែត្រក្រោយកីឡាករម៉ាឡេស៊ី បង្គរកំហុសក្នុងតំបន់គ្រោះថ្នាក់ប៉ុន្តែ Adisak Kraisorn ដែលគ្រប់គ្នាគិតថាជាតួអង្គសំខាន់ក្នុងការរកគ្រាប់បាល់អោយក្រុម ថ្ងៃនេះបែរជាជួបសំណាងមិនល្អ បន្ទាប់ពីមានឱកាសរកគ្រាប់បាល់ជ័យជម្នះ នៅនាទី៩០+៣ ទៅហើយប៉ុន្តែបែរជាធ្វើមិនបានសម្រេចបន្ទាប់ពីទាត់រំលងរបារទី ជាហេតុនាំឲ្យលទ្ធផលចុងក្រោយ ក្រុមទាំង២ស្មើគ្នា ២ទល់២ ប៉ុន្តែ ម៉ាឡេស៊ី មានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយសារឈ្នះលើការគិតរូបមន្តគ្រាប់បាល់ក្រៅដី ( aggregate )។

ដូច្នេះលទ្ធផលបែបនេះបានសេចក្ដីថា ម៉ាឡេស៊ី នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវរង់ចាំការឈ្នះរវាង វៀតណាម និងហ្វីលីពីន នៅយប់ស្អែកនេះ សម្រាប់ការប្រកួតក្នុងជើងទី២ នៅប្រទេសវៀតណាមវិញម្ដង ខណៈជើងទី១ ម្ចាសផ្ទះហ្វីលីពីន ចាញ់ក្រុមភ្ញៀវ វៀតណាម ១ទល់២៕

 

រូបភាព៖ siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់