សមាជិកជម្រើសជាតិមីយ៉ាន់ម៉ាម្នាក់ទៀតហើយ ចូលរួមជាមួយក្លឹបនៅលីគកំពូលថៃ Chonburi

មាស សុផាណារ៉ុង December 5, 2018


ថៃ៖ សមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ម្នាក់ទៀតហើយ គឺកីឡាករ Zaw Min Tun បានផ្លាស់ទៅចូលរួមជាមួយក្លឹប Chonburi FC ជាផ្លូវការ តាមពីក្រោយមិត្តរួមសញ្ជាតិកីឡាករ Sithu Aung ដែលទើបតែផ្លាស់ទៅកាលពីចុងខែវិច្ឆិកា ការនាំមកនេះគឺស្របទៅនឹងគោលការណ៍ថ្មីលីគកំពូលថៃ ( Thai League 1 ) ដែលតម្រូវអោយក្លិបមួយមានកីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍៣នៅក្នុងក្រុម។

សម្រាប់ការនាំចូលកីឡាករថ្មីពីសំណាក់ក្លិប Chonburi FC នេះគឺស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា ពីក្លិប Yagon United ដែលជាក្លិបកំពូលនៅលីគបាល់ទាត់មីយ៉ាន់ម៉ាផងដែរ។

សូមបញ្ចាក់ថា Zaw Min Tun បច្ចុប្បន្នមានវ័យ២៦ឆ្នាំ លេងក្នុងតំណែងជាខ្សែការពារកណ្ដាល ធ្លាប់ប្រកបអាជីពជាមួយក្លិបខ្លាំងៗក្នុងលីគដូចជា Magwe FC, Yadanarbon FC និងចុងក្រោយ Yangon United នេះផ្ទាល់តែម្ដង។ កីឡាកររូបនេះជាប់ជម្រើសជាតិមីយ៉ាន់ម៉ាឈុតធំដំបូង នៅឆ្នាំ២០១១ ដោយធ្លាប់បានបង្ហាញខ្លួនចំនួន៦២ប្រកួត ទាត់បញ្ចូលទីបាន៤គ្រាប់ និងអ្វីដែលគួរអោយចាប់អារម្មណ៍ទាត់ចូលក្រុមជម្រើសជាតិកម្ពុជាបាន៣គ្រាប់៕

 

ប្រភព៖ chonburifootballclub

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់