AFF Suzuki Cup៖ គូជក់ចិត្ត! ថៃ និងម៉ាឡេស៊ី ប្រកួតកាត់សេចក្ដីគ្នាល្ងាចនេះ

មាស សុផាណារ៉ុង December 5, 2018


ថៃ៖ នៅយប់ថ្ងៃពុធនេះ ជម្រើសជាតិថៃ នឹងត្រូវប្រកួតទល់នឹង ជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបកាត់សេចក្ដីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup សម្រាប់ជើងទី២ នៅកីឡដ្ឋាន Rajamangala។ ខណៈមុនការប្រកួតដែលរំពឹងថានឹងជក់ចិត្តដិតអារម្មណ៍សម្រាប់ទស្សនាយប់នេះមកដល់ ទាំងគ្រូថៃ និងគ្រូម៉ាឡេស៊ី​សុទ្ធតែបានបង្ហាញមតិយោបល់រៀងៗខ្លួន។

លោក Milovan Rajevac គ្រូបង្វឹកថៃបាននិយាយថា៖ «ក្រុមបានត្រៀមខ្លួនជាស្រេច។ យើងមានវគ្គទី១ នៅម៉ាឡេស៊ី ហើយវគ្គទី២ គឺនៅទីក្រុងបាងកក។ ក្រុមជម្រើសជាតិម៉ាឡេស៊ី មានការគាំទ្រដ៏អស្ចារ្យពីអ្នកគាំទ្ររបស់ពួកគេនៅក្នុងការប្រកួតដំបូង។ យើងក៏នឹងមានការគាំទ្រយ៉ាងអស្ចារ្យដូចគ្នា ក្នុងការប្រកួតនេះពីសំណាក់អ្នកគាំទ្រថៃ»។

កីឡាករនៃក្រុមជម្រើសជាតិថៃមួយចំនួនធ្លាប់ឈ្នះមេដាយមាស ប៉ុន្តែ Rajevac ជឿថាទោះជាពួកគេឈ្នះពានរង្វាន់ ជាលើកទី១ ឬទី២ ក៏ដោយ ក៏អាកប្បកិរិយារបស់កីឡាករគឺដដែល។

ដោយឡែក គ្រូម៉ាឡេស៊ី លោក Tan Cheng Hoe ក៏បានលើកឡើងថា៖ «នៅម៉ាឡេស៊ី កីឡាករបានលេងអស់ពីចិត្តក្នុងការប្រកួតដ៏ល្អបំផុតរបស់ពួកគេ ហើយយើងសង្ឃឹមថានឹងបន្តសន្ទុះដូចគ្នានិងបំណងប្រាថ្នាដូចគ្នា។ ពិតណាស់យើងបានខកខានឱកាស២ ៣ដង ប៉ុន្តែខ្ញុំជឿជាក់ថាយើងអាចធ្វើបានល្អនៅក្នុងការប្រកួតនៅថ្ងៃស្អែកហើយទទួលបានលទ្ធផលវិជ្ជមាន។

សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះរវាងថៃ ជាមួួម៉ាឡេស៊ី ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ នេះ នៅកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ វេលាម៉ោង ៧យប់។ លទ្ធផលកាលពីជើងទី១រវាងក្រុមទាំងពីរគឺបញ្ចប់ទៅដោយលទ្ធផល ០ទល់០៕

 

រូបភាព៖ FA Thailand & Siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់