Messi Jay នឹងទទួលបានលេខ១០នៅរដូវកាលក្រោយ ជាមួយក្លឹបនៅ J-League 1 បើនិយាយព្រមមួយម៉ាត់

មាស សុផាណារ៉ុង December 4, 2018


ជប៉ុន៖ កីឡាករជម្រើសជាតិថៃ Chanathip Songkrasin រហ័ស្សនាម Messi Jay នឹងទទួលបានអាវលេខ១០វិញ ជំនួសឲ្យលេខ១៨ វិញជាមួយក្លឹប Hokkaido Consadole Sapporo ដែលប្រកបអាជីពនៅលីគកំពូលជប៉ុន ( J-League 1 ) ចាប់ពីរដូវកាលក្រោយ ឆ្នាំ២០១៩ បើសិនជាសាមីខ្លួននិយាយព្រមមួយម៉ាត់។

ប្រភពនេះបាននិយាយថា តាមពិតប្រធានក្រុម កីឡាករ Hiroki Miyazawa មានបំណងចង់ឲ្យលេខ១០របស់ខ្លួនទៅ Chanathip តាំងពីដើមខែវិច្ឆិកា ដោយសារតែរូបគេបង្ហាញនូវភាពកាន់តែប្រសើរឡើងៗសម្រាប់ក្រុម ប៉ុន្តែកីឡាកររូបនេះហាក់ស្ទាក់ស្ទើរក្នុងការទទួលយក និងយ៉ាងណាមិញគេគិតថាលេខ១៨គឺជាលេខដែលផ្ដល់សំណាងច្រើនជាងដល់ Chanathip។

យ៉ាងណាមិញ ក្លឹបនៅតែមានបំណងចង់អោយអាវលេខ១០ដល់ Chanathip Songkrasin ដដែល ដោយសារតែបច្ចុប្បន្នក្នុងក្រុមទាំងមូលបានចាត់ទុករូបគេជាកីឡាករសំខាន់ជាងគេ ( Play Maker ) ក្នុងក្រុម ជាក់ស្ដែងដូចនៅក្នុងរដូវកាលនេះ អ្វីដែលពិសេសទៅទៀតនោះគឺដើម្បីជាការផ្ដល់កិត្តិយសដល់ឪពុករបស់គេ ដែលស្រលាញ់ចូលចិត្តវីរៈបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona និងជាម្ចាស់អាវលេខ១០ទាំងក្នុងក្រុម និងជម្រើសជាតិ។

គួរដឹងដែរថា សម្រាប់រដូវកាល២០១៨នេះ Chanathip Songkrasin បានដើរតួយ៉ាងសំខាន់ក្នុងក្រុម ដោយនាមជាខ្សែបម្រើរូបគេបានបង្ហាញខ្លួនបាន៣១ប្រកួត សរុបជានាទី២,៦៤០នាទី ទាំងក្នុងលីគ និងពានកម្រិតទី២ ( Emperors Cup ) ក្នុងនោះរកគ្រាប់បាល់បាន៩គ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ( Assist ) បាន៣ដង និងជួយអោយក្លិបឈរនៅលេខ៤ក្នុងលីគផងដែរ រឹតតែពិសេស Messi Jay ក៏ត្រូវបានក្លឹបសម្រេចចាត់ទុកថាជាកីឡាករដែលល្អបំផុត ( MVP ) សម្រាប់ក្លឹបក្នុងរដូវកាលនេះថែមទៀតផង៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់