Messi បានលេខ​៥​នៅ​ពាន Ballon d’Or ធ្វើ​ឲ្យ​អ្នកគាំទ្រស្ទើរទូទាំងពិភពលោកមិនជឿ

មាស សុផាណារ៉ុង December 4, 2018


ពានរង្វាន់ Ballon d’Or ២០១៨ ដែលធ្លាប់តែកាន់ដោយកីឡាករ២រូប Messi និង Ronaldo ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយ ទីបំផុតឆ្នាំនេះបានធ្លាក់ទៅលើដៃកីឡាករ Luka Modric ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

ទទួលបានពាននេះដោយសារ Modric មានគុណសម្បត្តិជួយក្លឹបអាជីព Real Madrid លើកពាន Champions League លើកទី៣កាលពីខែឧសភា និងជាពិសេសជួយក្រូអាតឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup។ ជាការចាប់អារម្មណ៍កីឡាករដែលទទួលសំឡេងគាំទ្របន្តបន្ទាប់មាន Ronaldo បច្ចុប្បន្ន Juventus ឈរលេខរៀងទី២ Antoine Griezmann លេខ៣ Kylian Mbappe ឈរនៅលេខ៤ ស្របពេល Messi ខ្ទាតដល់លេខ៥។

បែបនេះហើយ បានធ្វើអោយអ្នក​គាំទ្រ​បាន​ប្រតិកម្ម​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម Twitter ដោយ​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ពេលឃើញ Messi ជាប់​លេខ​៥ ក្រោម Kylian Mbappe, Antoine Griezmann, Cristiano Ronaldo និង​ Modric។ មានការទាញហេតុផលថារដូវ​កាល​មុន​ Messi ឈ្នះ​ពាន La Liga និង Copa del Rey និង​​ឈរ​លើ​តារាង​​ជា​កីឡការទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ដែលនេះជាហេតុនាំអ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ថ្នាក់​ទី​៥​នេះ។

គួររំលឹកថា Messi បានឈ្នះពានរង្វាន់ Ballon d’Or ចុងក្រោយនៅក្នុងឆ្នាំ២០១៥ ជាលើកទី៥របស់គេដែលបានឈ្នះពានរង្វាន់នេះ និងជាកំណត់ត្រារួមគ្នាជាមួយ Ronaldo៕

 

ប្រភព៖ The Sun

អត្ថបទ៖ ណារ៉ុង

មតិយោបល់