គ្រាន់តែលក់អាវរដូវកាល ២០១៩ ថ្ងៃដំបូងភ្លាម ក្លឹបថៃ Buriram United រកចំណូលបានជិត ១លានដុល្លារ!

នូ មករា December 3, 2018


ថៃ៖ ក្លឹបបាល់ទាត់ថៃ Buriram United បានប្រកាសថា អាវយឺតរដូវកាលថ្មីឆ្នាំ២០១៩ របស់ខ្លួនត្រូវបានលក់អស់ប្រមាណជា ៤០,១៩៦ អាវនៅក្នុងថ្ងៃដំបូងដែលជាកំណត់ត្រាលក់ដ៏ល្អមួយសម្រាប់ក្លឹបជើងឯកលីគកំពូលថៃ ៦សម័យកាលនេះ។ បើតាមស្ថិតិនេះបានបង្ហាញឱ្យឃើញថា ក្លឹប Buriram United អាចទទួលបានចំណូលក្នុងថ្ងៃដំបូងរហូតដល់ជិត ១លានដុល្លារឯណោះ ពោលគឺចន្លោះពី ៧ ទៅ ៨ សែនដុល្លារ ខណៈដែលអាវមួួយមានតម្លៃ ៦៩០បាត (ប្រមាណ ២០ដុល្លារ) សម្រាប់សាខាទាំងអស់  និងតម្លៃ ៥៩០បាត (ប្រមាណ ១៨ដុល្លារ) នៅហាង Mega Store ដែលមានទីតាំងនៅកីឡដ្ឋាន​ Chang Arena របស់ខ្លួន។

សូមបញ្ជាក់ថា ជាមួយនឹងភាពជោគជ័យរបស់ខ្លួន ក្លឹប Buriram United អាចពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងរឹងមាំនារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងកាលពីរដូវកាលមុនការលក់អាវ និងសំភារៈក្លឹបដទៃទៀតមានទំហំទឹកប្រាក់រាប់លានដុល្លារ ស្របពេលដែលក្រុមហ៊ុន Chang បានសម្រេចទិញសិទ្ធិលើឈ្មោះកីឡដ្ឋានទាំងមូលដែលរួមបញ្ចូលទាំងទីលានប្រណាំងរថយន្តផងនោះ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៣០លានដុល្លារសម្រាប់រយៈពេល ៣ឆ្នាំដោយបានប្តូរឈ្មោះជា Chang Arena វិញ៕

អត្ថបទ៖ មករា

 

 

មតិយោបល់