ខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Aung Thu ក្លាយជាគោលដៅរបស់ក្លិបលីគកំពូលជប៉ុន ក្រោយវិវឌ្ឍន៍ខ្លួននៅថៃ

មាស សុផាណារ៉ុង December 2, 2018


មីយ៉ាន់ម៉ា៖ យោងតាមសេចក្តីរាយការណ៍ពីយៈសារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា បានឱ្យដឹងថាកីឡាករ Aung Thu បានក្លាយជាគោលដៅសម្រាប់ក្លិបនៅលីគកំពូលជប៉ុន ( J-League ) Consadole Sapporo ដែលដឹងថាមានអ្នកតំណាងរបស់ក្លិប នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាដើម្បីបញ្ចុះបញ្ចូលរូបគេឱ្យចូលរួមជាមួយក្លិប។

បើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Duwun បានបញ្ជាក់ថា អ្នកតំណាងរបស់ក្លិប Consadole Sapporo នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែធ្នូ ដើម្បីជួបជាមួយ និងបញ្ចុះបញ្ចូលលកីឡាករវ័យ២២ឆ្នាំរូបនេះ។ ការលេចធ្លាយព័ត៌មានបន្ទាប់ពីមានការទាក់ទងសួរបងប្រុសរបស់ Aung Thu ដោយផ្ទាល់ដោយសារព័ត៌មានដដែលនេះ ដោយបានបង្ហើបថាពួកគេពិតជាមានការជួបពិភាក្សានៅថ្ងៃទី៤ ខែធ្នូ។ សមាជិកក្លិប Yadanarbon FC ដែលខ្ចីជើងដោយ Police Tero នារដូវកាល២០១៨កន្លងទៅនេះ ក៏ត្រូវបានសារព័ត៌មាន Dunwun ធ្លាប់ទទួលដំណឹងថាក្លិបមួយចំនួនមកពីលីគទី២ជប៉ុន J-League 2 ចង់បានរូបគេផងដែរកាលពីរដូវកាលមុន នេះបើតាមការបង្ហើបពីអ្នកចាត់ការទូទៅក្លិប លោក U Aung Hein Khine។

យ៉ាងណាមិញ បើសិនជា Aung Thu សំរេចចិត្តចូលរួមជាមួយ Consadole Sapporo នោះរូបគេនឹងមិនមែនជាកីឡាករមកពីអាស៊ីអាគ្នេយ៍តែម្នាក់គត់ទេ ដែលប្រកបអាជីពនៅទីនោះ។ ក្លិបក៏បានចុះហត្ថលេខាផ្ទេរផ្ដាច់កុងត្រាជាអចិន្រ្តៃយ៍ ជាមួយកីឡាករ Chanathip Songkrasin សមាជិកនៃក្រុមជម្រើសជាតិថៃសម្រាប់ឆ្នាំ២០១៩ផងដែរ បន្ទាប់ពីការខ្ចីជើងកាលពីរដូវកាលមុន។ គួរដឹងដែរថា Aung Thu បច្ចុប្បន្នមានវ័យទើបតែ២២ឆ្នាំ ជាសមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ហើយកាលពីរដូវកាលកន្លងទៅ ( ២០១៨ ) បានផ្លាស់ពីក្រុមដ៏ជោគជ័យក្នុងលីគមីយ៉ាន់ម៉ា Yadanarbon FC ទៅកាន់ក្លិបនៅលីគកំពូលថៃ Police Tero FC ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល ដោយបានបង្ហាញខ្លួនបាន២៨ប្រកួត និងទាត់បាល់បញ្ជូលទីបាន១១គ្រាប់ផងដែរ ប៉ុន្តែក្លិបត្រូវបានកាត់លីគលំដាប់ទី២ថៃ៕

 

ប្រភព៖ duwun & foxsportsasia

 ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់