Aubameyang ត្រៀមអបអរគ្រាប់បាល់ពិសេសមួយ បើទាត់ចូលទី Spur យប់នេះ

មាស សុផាណារ៉ុង December 2, 2018


អង់គ្លេស៖ Pierre-Emerick Aubameyang កំពុងពិចារណាក្នុងការប្រារព្ធការអបអរគ្រាប់បាល់តាមបែប Spider-Man របស់មកវិញប្រសិនបើរូបគេអាចរកគ្រាប់បាល់ឱ្យ Arsenal ពេលប៉ះ Tottenham Hotspur នៅក្នុងការប្រកួតសប្ដាហ៍ទី១៤លីគកំពូលអង់គ្លេស យប់នេះ។

កីឡាករវ័យ២៩ឆ្នាំរូបនេះតែងតែពាក់របាំងមុខតួអង្គ Super Heroes ក្នុងរឿង Marvel បន្ទាប់ពីរកគ្រាប់បាល់បាន ជាមួយក្លិបមុនៗ ដូចជា Saint-Etienne និង Borussia Dortmund ជាដើម ប៉ុន្តែមិនទាន់បានធ្វើដូច្នេះជាមួយក្រុមកាំភ្លើងធំនៅឡើយទេ។ រូបគេបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «យើងនឹងឃើញ វាអាស្រ័យលើអារម្មណ៍របស់ខ្ញុំ។ ខ្ញុំចងចាំពីការប្រកួត Derby នៅពេលខ្ញុំបានយករបាំងមុខ Batman ពេលនៅជាមួយ Dortmund ខ្ញុំបានគិតនៅពេលព្រឹក។ ខ្ញុំបានទូរស័ព្ទទៅបងប្អូនជីដូនមួយរបស់ខ្ញុំហើយនិយាយថា អូខេ ទៅទិញរបាំងនេះភ្លាម»។

Aubameyang ក៏បានពន្យល់ និងរំលឹកលើកពីមូលហេតុថា៖ «លើកដំបូងគឺពេលនៅ Saint-Etienne នៅប្រទេសបារាំង ហើយវាគឺដោយសារតែខ្ញុំគិតថាជាថ្ងៃខួបកំណើតរបស់មិត្តភក្តិម្នាក់របស់ខ្ញុំដែលធ្លាប់បានលេងជាមួយខ្ញុំកាលពីមុន។ គាត់គឺជាបុរសម្នាក់ដែលបានចូលមកទីលានជាមួយនឹងអាវ Spider-Man ហើយខ្ញុំនៅក្មេង ហើយខ្ញុំបានឃើញគាត់ ហើយខ្ញុំបាននិយាយថាខ្ញុំនឹងធ្វើវានៅថ្ងៃណាមួយ ហើយពេលនោះគឺជាថ្ងៃកំណើតរបស់គាត់ ខ្ញុំក៏បានធ្វើវា»។

បច្ចុប្បន្ន Aubameyang កំពុងឈរស្មើគ្នាជាមួយ Sergio Aguero នៅលើតារាងនៃបញ្ជីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League ដោយមានគ្រាប់បាល់៨គ្រាប់ដូចគ្នា។ យប់នេះផងដែរ Arsenal នឹងត្រូវបើកទ្វារកីឡដ្ឋានដើម្បីទទួលស្វាគមន៍គូប្រជែងប្រចាំទីក្រុងឡុង ភាគខាងជើង Tottenham Hotspur នៅវេលាម៉ោង៩យប់ ម៉ោងនៅកម្ពុជា៕

 

ប្រភព៖ mirror

ប្រែសម្រួល៖ ណារ៉ុង 

មតិយោបល់