AFF Suzuki Cup៖ គ្រូម៉ាឡេស៊ី ថាព្យាយាមបិទសូន្យ ស្របពេលគ្រូថៃ គិតថាវាមិនជាបញ្ហា

មាស សុផាណារ៉ុង December 1, 2018


ម៉ាឡេស៊ី៖ ម៉ាឡេស៊ី នឹងត្រូវប្រកួតទល់នឹង ថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup នៅកីឡដ្ឋាន Bukit Jalil សម្រាប់ជើងទី១ នៅយប់ថ្ងៃសៅរ៍នេះ។ ការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៤ គ្រាដែលថៃបានយកឈ្នះ ២-០ នៅទីក្រុងបាងកក ប៉ុន្តែបែរជាចាញ់នៅក្នុងការប្រកួតជើងទី២ នៅ Bukit Jalil ដោយលទ្ធផល ៣ទល់២ តែសរុបលទ្ធផលទាំង២ជើង ថៃឈ្នះ ៤-៣។ មុនការប្រកួតដ៏តានតឹង និងគួរឱ្យចាប់អារម្មណ៍សម្រាប់ទស្សនាយប់នេះមកដល់ ទាំងគ្រូម៉ាឡេស៊ី និងគ្រូថៃ​សុទ្ធតែបានបង្ហាញមតិយោបល់រៀងៗខ្លួន។

 

គ្រូម៉ាឡេស៊ី លោក Tan Cheng Hoe បានលើកឡើងថា៖ «យើងត្រូវតែដើរចូលទៅកាន់ទីលានជាមួយសន្ទុះដ៏រឹងមាំ។ គ្រប់គ្នាដឹងថាថៃជាក្រុមដែលមានគុណភាព កីឡាករមានបទពិសោធន៍ ដូច្នេះកីឡាកររបស់ខ្ញុំត្រូវមានសមត្ថភាព និងអត់ធ្មត់។ វាជារឿងសំខាន់ណាស់ដែលយើងធ្វើមិនឱ្យមានការរបូតគ្រាប់បាល់ ពីព្រោះវាជាលទ្ធផលវិជ្ជមាន សម្រាប់ផ្ដល់កម្លាំងចិត្តឱ្យយើងពេលត្រលប់ទៅទីក្រុងបាងកក។ ដរាបណាយើងមិនរបូតគ្រាប់បាល់ ខ្ញុំពិតសប្បាយចិត្តខ្លាំងណាស់»។

ចំពោះលោក Milovan Rajevac គ្រូបង្វឹកថៃវិញបាននិយាយថា៖ «យើងនឹងព្យាយាមលេងដូចនៅផ្ទះរបស់យើង ដូចដែលយើងធ្វើ ដូច្នេះខ្ញុំមិនគិតថាវាជាបញ្ហាទេ។ ខ្ញុំប្រាកដថាក្រុមរបស់ខ្ញុំមានសមត្ថភាពក្នុងការផ្តល់នូវការបង្ហាញទម្រង់លេងដែលមានគុណភាព និងមានសមត្ថភាពក្នុងការទទួលបានលទ្ធផលវិជ្ជមាន។ ថ្ងៃស្អែកគឺគ្រាន់តែជាការប្រកួតវគ្គទី១ប៉ុណ្ណោះ ហើយវគ្គទី២ នឹងធ្វើឡើងនៅទីក្រុងបាងកក ប៉ុន្តែវានៅតែសំខាន់ក្នុងការរកគ្រាប់បាល់ហើយមិនត្រូវត្រលប់មកផ្ទះវិញជាមួយលទ្ធផលជាអវិជ្ជមាន»។

សូមរំលឹកថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះរវាងម៉ាឡេស៊ី ជាមួយថៃ ជើងទី១នឹងធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា នេះ នៅកីឡដ្ឋាន Bukit Jalil Stadium ប្រទេសម៉ាឡេស៊ី មុននឹងត្រលប់មកទឹកដីថៃវិញ នៅថ្ងៃទី០៥ ខែធ្នូ សម្រាប់ជើងទី២៕

 

រូបភាព៖ FA Thailand & Siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់