Adisak Kraisorn ថាមានវិធីធ្វើឱ្យអ្នកគាំទ្រម៉ាឡេស៊ីស្ងាត់ ពេលថៃត្រូវតតាំងនៅ២ថ្ងៃខាងមុខ!

មាស សុផាណារ៉ុង November 29, 2018


ថៃ៖ ខ្សែប្រយុទ្ធនៃក្លិប Muangthong United ដែលជាកីឡាករជួរមុខក្នុងក្រុមជម្រើសជាតិ Adisak Kraisorn ថ្មីៗនេះបានបង្ហើបពីវិធីដែលធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ស្ងាត់ពេលដែលក្រុមជម្រើសជាតិថៃ ត្រូវតតាំងនៅ២ថ្ងៃខាងមុខ ក្នុងវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ AFF Suzuki Cup 2018 ជើងទី១។ Adisak Kraisorn ដែលបច្ចុប្បន្នកំពុងនាំមុខនៅក្នុងបញ្ជីកីឡាករដែលរកគ្រាប់បាល់ជាងគេនៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្ដងនេះ ដោយកាន់៨គ្រាប់ក្នុងដៃ បានលើកឡើងថា ខ្លួនធ្លាប់មានបទពិសោធប្រកួតនៅទីនោះ ( ម៉ាឡេស៊ី ) ដោយដឹងថានឹងមានសម្លេងរំខានពីអ្នកគាំទ្ររាប់ម៊ឺននាក់ ដែលរូបគេជឿជាក់ថានឹងមានសម្ពាធ តែមិនជាមានបញ្ហាអ្វីឡើយ ព្រោះវាអាស្រ័យលើស្ថានភាពជាក់ស្ដែង។

កីឡាករដែលធ្លាប់ប្រកបអាជីពជាមួយក្លិបខ្លាំងទាំង២នៅលីគថៃ Muangthong និង Buriram United បានលើកឡើងថា៖ «មានកីឡាករខ្លះបានឈប់ ប៉ុន្តែក៏នៅមានកីឡាករខ្លះនៅតែមានវត្តមានបើធៀបទៅកាលពីឆ្នាំ២០១៤  ប៉ុន្តែមានតែការព្យាយាមគ្រប់គ្រងបាល់ ការព្យាយាមធ្វើឱ្យបានល្អ ផ្ដោតតែទៅលើការប្រកួតមិនខ្វល់ពីសំឡេងរបស់អ្នកគាំទ្រម៉ាឡេស៊ី ទើបជាវិធីតែមួយគត់ដែលធ្វើឱ្យអ្នកគាំទ្រម៉ាឡេស៊ីស្ងាត់មាត់បាន»។ សូមរំលឹកថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះរវាងថៃ ជាមួយម៉ាឡេស៊ី ជើងទី១នឹងធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនៅកីឡដ្ឋាន Bukit Jalil Stadium ប្រទេសម៉ាឡេស៊ី៕

 

ប្រភព៖ siamsport

អត្ថបទ៖ ណារ៉ុង

មតិយោបល់