លីគទី២អង់គ្លេសយប់មិញ កីឡាករ២រូបប៉ះទង្គិចរហូតដល់ខាំគ្នាក្នុងការប្រកួត

មាស សុផាណារ៉ុង November 29, 2018


អង់គ្លេស៖ ខ្សែប្រយុទ្ធ Bradley Johnson របស់ក្រុម Derby County បានប្រើប្រាស់កាយវិការដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ Luis Suarez តាមរយៈការខាំអាវរបស់កីឡាករ Joe Allen នៃក្រុម Stoke City នៅក្នុងការប្រកួតជំនួបសប្ដាហ៍ទី១៩ នៃលីគលំដាប់ទី២អង់គ្លេស EFL Championship នៅឯកីឡដ្ឋាន Bet365 ។ ហេតុការណ៍បានកើតឡើងនៅនាទី៣១ បន្ទាប់ពីកីឡាករ Peter Etebo របស់ Stoke បានព្យាយាមប្រជែងឈូសយកបាល់យ៉ាងខ្លាំងលើកីឡាករ Richard Keogh របស់ Derby County ជាហេតុនាំឱ្យខ្សែប្រយុទ្ធ Bradley Johnson ដែលជាមិត្តរួមក្រុមស្រែកតវ៉ាទៅកាន់អាជ្ញាកណ្ដាលក្នុងន័យចង់បង្ហាញថាវាជាការឈូសបាល់ដ៏គ្រោះថ្នាក់ និងគួរតែទទួលបានកាតក្រហម ស្រាប់តែ Joe Allen មករុញ Johnson ពីក្រោយ ភ្លាមៗ Johnson ក៏ប៉ះទង្គិចជាមួយ Allen រហូតដល់ខាំទៅលើ Allen តែម្ដង។

យ៉ាងណាមិញភ្លាមៗ Peter Etebo ក៏ទទួលបានកាតក្រហមទៅលើទង្វើរនៃការប្រជែងឈូសយកបាល់ដ៏គ្រោះថ្នាក់ទៅលើ Richard Keogh ស្របពេលដែល Bradley Johnson និង Joe Allen ទទួលបានកាតក្រហមរៀងៗខ្លួន ប៉ុន្តែ Johnson អាចនឹងត្រូវហាមឃាត់មិនឱ្យចូលប្រកួតដោយសហព័ន្ធបាល់ទាត់អង់គ្លេស FA រយៈពេលយូរ ព្រោះធ្លាប់មានករណីខ្សែប្រយុទ្ធ Luis Suarez ត្រូវបាន ហាមមិនឱ្យចូលប្រកួតចំនួន១០ប្រកួត នៅពេលដែលរូបគេបានខាំ Branislav Ivanovic នៅក្នុងការប្រកួត Premier League កាលពីឆ្នាំ២០១៣។

បញ្ជាក់ថា នៅក្នុងការប្រកួតនេះបានបញ្ចប់ទៅដោយម្ចាស់ផ្ទះ Stoke City យកឈ្នះ Derby County ២ទល់១៕

 

ប្រភព៖ thesun

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់