Wenger ចង់ក្លាយជាអ្នកចាត់ការនៅ Bayern ចំពេលអនាគតរបស់គ្រូបច្ចុប្បន្នកំពុងស្រពេចស្រពិល

មាស សុផាណារ៉ុង November 27, 2018


អាល្លឺម៉ងដ៏៖ អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បង្ហើបថាលោកចង់ធ្វើជាអ្នកចាត់ការក្លិប Bayern Munich ចំពេលអនាគតរបស់គ្រូបច្ចុប្បន្នលោក Niko Kovač កំពុងស្ថិតក្នុងភាពស្រពេចស្រពិល គ្រាដែលរូបលោកមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់នៅឡើយនិងមិនចាប់អារម្មណ៍ក្នុងការចូលកាន់តំណែងនៅក្លិបណាមួយនៅក្នុងអង់គ្លេសនោះទេបន្ទាប់ពីបញ្ចប់ភារកិច្ចដ៏អស្ចារ្យរយៈពេល២២ឆ្នាំជាមួយ Arsenal កាលពីឆ្នាំទៅរួចមក។

លោក Arsene Wenger បាននិយាយថាគាត់ចង់វិលត្រឡប់មកវិញនៅដើមឆ្នាំ២០១៩ ហើយសារពត៌មាន Telegraph រាយការណ៍ថាគាត់ចង់ទៅកាន់ក្លិប Bayern ។ កាលពីពេលថ្មីៗនេះក៏មានការពិភាក្សានៅអាល្លឺម៉ង់ដ៏ថា លោក Wenger អាចជាអ្នកបន្តតំណែងពី លោក Kovac ដែលបានចាប់ផ្តើមមិនសូវល្អទាល់តែសោះជាមួយ Bayern នៅរដូវកាលនេះ។ ម្ចាស់ជើងឯកអាល្លឺម៉ង់ដ៏កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ នៅក្នុងតារាងនៃក្របខណ្ឌ Bundesliga បន្ទាប់ពីឆ្លងកាត់១២ប្រកួត ហើយកៅអីរបស់ លោក Kovac កាន់តែក្ដៅ បន្ទាប់ធ្វើឱ្យមានការខកចិត្តជាថ្មីម្ដងទៀតកាលពីចុងសប្តាហ៍នេះនៅពេល Bayern បាននាំមុខ Fortuna Dusseldorf ៣-១ ទៅហើយតែចុងក្រោយបញ្ចប់ទៅដោយលទ្ធផលស្មើ ៣-៣ ទៅវិញ។

Arsene Wenger ត្រូវបានគេគិតថាចង់បានការងារដែលនាំឱ្យលោកអាចមានឱកាសក្នុងការបញ្ចប់អាជីពរបស់ខ្លួនជាមួយនឹងការឈ្នះពាន ក្នុងការប្រកួតប្រជែងនៅកម្រិតកំពូល។ ក៏នឹងមានភាពងាយស្រួលផងដែរដោយសារភាសាអាឡឺម៉ង់គឺជាភាសាមួយដែលអ្នកចាត់ការវ័យ៦៩ឆ្នាំរូបនេះអាចនិយាយបានយ៉ាងស្ទាត់ជំនាញ៕

 

ប្រភព៖ dailymail

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់