ក្លិបល្បីប្រចាំលីគថៃ Chonburi ប្រកាសពីការនាំយកជម្រើសជាតិមីយ៉ាន់ម៉ាម្នាក់មករួមក្រុម

មាស សុផាណារ៉ុង November 27, 2018


ថៃ៖ ក្លិប Chonburi FC ដែលជាក្លិបមានឈ្មោះរន្ទឺនៅក្នុងលីគកំពូលថៃ នៅមុននេះបន្តិចបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀង ក្នុងការនាំយកសមាជិកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ម្នាក់រួមក្រុមគឺកីឡាករវ័យ២២ឆ្នាំ Si Thu Aung ពីក្លិប Yadanarbon FC។ ស្របទៅនឹងគោលការណ៍ថ្មីលីគកំពូលថៃ ( Thai League 1 ) ដែលតម្រូវអោយក្លិបមួយមានកីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍៣នៅក្នុងក្រុម សម្រាប់ Chonburi FC ក៏បានធ្វើការប្រកាសពីការនាំយកកីឡាករអាស៊ានដំបូងនៅក្នុងរដូវកាលនេះរបស់ខ្លួនបន្ថែមលើសមាជិកអាស៊ានចាស់សញ្ជាតិសិង្ហបុរីគឺកីឡាករ Zulfahmi Arifin។

សម្រាប់ការនាំចូលកីឡាករថ្មីពីសំណាក់ក្លិប Chonburi FC នេះគឺស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លិប Yadanarbon FC ដែលជាក្លិបកំពូលនៅលីគបាល់ទាត់មីយ៉ាន់ម៉ាផងដែរ។ ក្លិបគ្រោងនឹងធ្វើពិធីបង្ហាញមុខកីឡាករ Si Thu Aung ជាផ្លូវការនៅថ្ងៃទី ២៩ ខាងមុខនេះ គ្រាដែលកីឡាកររូបនេះបានអស់ភារៈកិច្ចជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ពីពាន AFF Suzuki Cup 2018 ក្រោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។

សូមបញ្ចាក់ថា Si Thu Aung បច្ចុប្បន្នមានវ័យ២២ឆ្នាំ លេងក្នុងតំណែងជាខ្សែបម្រើ ចាប់អាជីពដំបូងជាមួយក្លិប Yangon United មុននឹងផ្លាស់មកចូលរួមជាមួយ Yadanarbon FC នៅឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ កីឡាកររូបនេះជាប់ជម្រើសជាតិមីយ៉ាន់ម៉ាឈុតធំដំបូង នៅឆ្នាំ២០១៣ ដោយធ្លាប់បានបង្ហាញខ្លួនចំនួន១៩ប្រកួត ទាត់បញ្ចូលទីបាន៤គ្រាប់៕

 

ប្រភព៖ siamsport

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់