វ័យទើប១៩ឆ្នាំ Supachai ទាត់ចូលបាន៣គ្រាប់នៅ AFF Suzuki Cup ត្រូវគ្រូសរសើរមិនដាច់ពីមាត់

មាស សុផាណារ៉ុង November 26, 2018


ថៃ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ លោក Milovan Rajevac បានសាទរចំពោះទម្រង់លេងដ៏ភ្ញាក់ផ្អើលរបស់ខ្សែប្រយុទ្ធវ័យក្មេង Supachai Jaided បន្ទាប់ពីកីឡាករវ័យ១៩ឆ្នាំរូបនេះបានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនក្នុងការប្រកួត ក្រោយបានផ្តួល សិង្ហបុរី ៣-០ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2018។ កីឡាករ Supachai បានទាត់បញ្ចូលទីគ្រាប់ទី២ឱ្យក្រុមដំរីសឹកថៃ ក្នុងចំណោមគ្រាប់បាល់ទាំង៣នៃការប្រកួតដែលយកឈ្នះសិង្ហបុរី ៣ទល់០ ហើយ លោក Rajevac រីករាយក្នុងការឃើញទេពកោសល្យដ៏គួរឱ្យចាប់អារម្មណ៍របស់កីឡាកររូបនេះ។ គ្រូបង្វឹកសញ្ជាតិស៊ែប៊ី យល់ឃើញថា បញ្ជីនៃកីឡាករទាត់បាល់បញ្ចូលទីច្រើននៅក្នុងលីគថៃភាគច្រើនគឺជាជនបរទេស ដូច្នេះភាពលេចធ្លោដែលបង្កើតឡើងដោយកីឡាករវ័យក្មេងរបស់ក្លិប Buriram រូបនេះគួរតែត្រូវបានស្វាគមន៍យ៉ាងខ្លាំង។

លោក Rajviac បាននិយាយថា៖ «វាជារឿងដ៏អស្ចារ្យមួយដែលមានកីឡាករវ័យក្មេង មានទេពកោសល្យដ៏អស្ចារ្យនេះ ជាពិសេសជាមួយនឹងសមត្ថភាពក្នុងការរកគ្រាប់បាល់ព្រោះយើងដឹងថានៅលីគបាល់ទាត់ថៃខ្សែប្រយុទ្ធភាគច្រើនគឺជាជនបរទេស។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមានកីឡាករក្នុងស្រុក និងបង្កើតកីឡាករដែលអាចរកគ្រាប់បាល់បាន។ Supachai ពិតជាធ្វើរឿងដ៏អស្ចារ្យ ហើយអនាគតរបស់គាត់នឹងត្រចះត្រចង់នៅពេលខាងមុខ»។

សូមបញ្ជាក់ថា Supachai Jaided ដែលជាកីឡាករមកពីក្លិប Buriram United បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ដោយស្ថិតនៅក្នុងវ័យត្រឹមតែ១៩ឆ្នាំ រូបគេអាចរកគ្រាប់បាល់បាន៣គ្រាប់ ពីការបង្ហាញខ្លួន៤ប្រកួតជាមួយក្រុមនៅក្នុងពានរង្វាន់ AFF Suzuki Cup 2018 វគ្គជម្រុះក្នុងពូលនេះ។កីឡាករដែលមានដើមកំណើតនៅលើទឹកដីខេត្ត Buriram រូបនេះ បានចាប់ផ្ដើមជាយុវជនថ្នាលនៅឆ្នាំ២០១២ មុននឹងក្លាយជាកីឡាករអាជីពនៅឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៧ ផ្លាស់មកចូលរួមជាមួយ Buriram នឹងទទួលបានអាវលេខ៩ផងដែរ៕

 

រូបភាព៖ FA Thailand / Suzuki Cup

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់