រយៈពេល៣៦ថ្ងៃក្រោយចូលមកដឹកនាំ Monaco ទីបំផុត Henry នាំក្រុមឱ្យស្គាល់ជ័យជម្នះ

មាស សុផាណារ៉ុង November 26, 2018


បារាំង៖ បន្ទាប់ពីទទួលបានតួនាទីជាអ្នកចាត់ការក្រុម ​Monaco រយៈពេល៣៦ថ្ងៃមក នៅទីបំផុត Thierry Henry បានដឹកនាំក្រុមស្គាល់ជ័យជម្នះជាលើកដំបូងតាមរយៈការយកឈ្នះ ០ទល់នឹង១ លើ Caen នៅ​ French Ligue 1 កាលពីសៅរ៍ ទី​២៤ វិច្ឆិកា ចុងសប្ដាហ៍នេះ។

គ្រាប់​បាល់​ក្នុង​វគ្គទី​២របស់​ Radamel Falcao បាន​រក​​ជ័យ​ជម្នះ​ដំបូង​ឲ្យ​លោក​ Henry និង​ជា​ជ័យ​ជម្នះលើក​ទី​២ របស់​​ Monaco សម្រាប់​រដូវ​កាល​នេះ។ បែបនេះក្ដី ការឈ្នះនេះគ្រាន់តែបន្ធូរភាពតានតឹងខ្លះប៉ុណ្ណោះសម្រាប់ក្លិប ត្បិតនៅមិនទាន់ឲ្យពួកគេរួចផុតពីតំបន់កាត់ចោលឡើយទេ ដោយស្ថិតនៅលំដាប់ទី១៩ តែបន្ថយគម្លាតត្រឹម២ពិន្ទុពីតំបន់សុវត្ថិភាព។

អតីតកីឡាករ របស់ក្លិបរហស្សនាមកាំភ្លើងធំ Arsenal និងធ្លាប់ជាជំនួយការជម្រើសជាតិបែលហ្ស៊ិករូបនេះ បានជំនួសកន្លែងលោក Leonardo Jardim ដែលត្រូវបានបណ្តេញចេញនៅពាក់កណ្តាលខែតុលា ស្របពេលដែល Monaco មិនបានទទួលជ័យជម្នះឡើយចាប់តាំងពីថ្ងៃទី១១ ខែសីហា ហើយស្មើ២ដង និងចាញ់៤ដងចាប់តាំងពី Henry កាន់តំណែង៦សប្ដាហ៍ ស្មើនឹង៣៦ថ្ងៃមក៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់