AFF Suzuki Cup៖ ថៃ ប៉ះ ម៉ាឡេស៊ី ស្របពេល វៀតណាម ប៉ះ ហ្វីលីពីន ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង November 26, 2018


អន្តរជាតិ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Football Championship ( AFF Suzuki Cup 2018 ) បានបញ្ចប់វគ្គជម្រុះក្នុងពូលទាំង២ជាផ្លូវការហើយត្រឹមថ្ងៃអាទិត្យ ទី២៥ ម្សិលមិញ និងបានរកឃើញក្រុមដែលឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ពោលគឺពូល A វៀតណាម ជាមួយម៉ាឡេស៊ី និងពូល B ថៃ ជាមួយហ្វីលីពីន។ មុនឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ ទាំង៤ក្រុមត្រូវរង់ចាំរហូតដល់ប្រកួតចុងក្រោយដូចៗគ្នា ដោយពូល A វៀតណាម យកឈ្នះកម្ពុជា ៣ទល់០ ស្របពេលម៉ាឡេស៊ី យកឈ្នះមីយ៉ាន់ម៉ា ៣ទល់០ ដូចគ្នា ខណៈពូល B ថៃ ដែលត្រូវការឈ្នះ សិង្ហបុរី ដាច់ខាតក៏ទទួលបានលទ្ធផលជាទីគាប់ចិត្តជាមួយនឹងហ្វីលីពីនដែលត្រូវការត្រឹមតែស្មើក៏ទទួលបានសមដូចបំណងដូចគ្នា។

សរុបមកក្នុងពូល A វៀតណាម ឈរនៅលេខ១ នឹងត្រូវជួបក្រុមលេខ២ ពូល B គឺហ្វីលីពីន ខណៈ ថៃ ដែលជាក្រុមលេខ១ពូល B ត្រូវជួបជាមួយ ម៉ាឡេស៊ី ដែលជាក្រុមលេខ២ពូល A ស​ម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចំនួន២ជើង ជើងទី១ នឹងធ្វើឡើងនៅ ថ្ងៃទី០១, ទី០២ ខែធ្នូ និងជើងទី២ នៅថ្ងៃទី០៥, ទី០៦ ខែដដែល៕

រូបភាព៖ FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់