គ្រូ Spur ថាគូប្រជែងធំរបស់ខ្លួននៅក្រុង London គឺជា Chelsea មិនមែន Arsenal ឡើយ!

មាស សុផាណារ៉ុង November 24, 2018


អន្តរជាតិ៖ អ្នកចាត់ការក្រុម Spurs បាននិយាយថាក្លឹបទាំងអស់នៅក្នុងទីក្រុងឡុងដ៍ គឺសុទ្ធតែជាគូប្រជែងសម្រាប់ក្លិបរបស់ខ្លួន ប៉ុន្តែមានតែក្រុមតោខៀវ Chelsea ប៉ុណ្ណោះដែលមានកម្រិតក្បែរៗក្រុមរបស់លោក ច្រើនជាងក្រុមកាំភ្លើងធំ Arsenal នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Mauricio Pochettino ដែលជាអ្នកចាត់ការក្រុម Spurs ជឿជាក់ថាគូប្រជែងធំបំផុតរបស់ Tottenham Hotspur នៅក្នុងទីក្រុងឡុងដ៍ គឺ Chelsea មិនមែនជា Arsenal ឡើយ។

Spurs នឹងត្រូវប្រកួតជាមួយក្រុមទាំងពីរនេះនៅ២សប្តាហ៍ជាប់ៗគ្នា ដោយត្រូវជួបតោខៀវ Chelsea មុន ពោលគឺត្រូវប្រកួតនៅលើទឹកដី Wembley នៅយប់ថ្ងៃសៅរ៍នេះ មុននឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Emirates ដើម្បីប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យសប្ដាហ៍ក្រោយ។ Spurs បច្ចុប្បន្នកំពុងស្ថិតនៅចន្លោះរវាងគូប្រជែងប្រចាំទីក្រុងឡុងដ៍ទាំង២ ដោយតាមពីក្រោយ Chelsea ១ពិន្ទុ និងនាំមុខ Arsenal ៣ពិន្ទុ ប៉ុន្តែខណៈពេលដែល Spurs និង Arsenal ធ្លាប់ជាគូប្រជែងដ៏ស្វិតស្វាញមួយប្រចាំទីក្រុងឡុងដ៍ លោក Pochettino ជឿជាក់ថាការធ្លាក់ចុះនៃទម្រង់របស់ Arsenal នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យ Chelsea ក្លាយជាគូប្រជែងដ៏ធំរបស់ខ្លួន។

លោក Pochettino បាននិយាយថា៖ «សម្រាប់យើង Chelsea, Arsenal និង West Ham គឺជាគូប្រជែងដ៏ធំបំផុតរបស់យើង។ ប៉ុន្តែខ្ញុំគិតថាវាបានផ្លាស់ប្តូរបន្តិចដោយសារតែលទ្ធផលរបស់យើងដូចដែលបានឃើញនៅក្នុងតារាងពិន្ទុ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតោខៀវ Chelsea តែងតែស្ថិតនៅលើយើង ហើយ Arsenal បន្ទាប់ពី២១ ឬ២២ឆ្នាំកន្លងមកដែលតែងតែនៅលើយើង ទីបំផុតគេស្ថិតនៅពីក្រោមយើងម្តង»។ គួររំលឹកដែរថា Tottenham បានបញ្ចប់នៅចំណាត់ថ្នាក់ល្អជាង Arsenal ២រដូវកាលចុងក្រោយ ហើយបានបញ្ចប់នៅពីលើក្រុមតោខៀវកាលពីរដូវកាលមុនផងដែរ៕

 

ប្រភព និងរូបភាព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់