អតីតវីរបុរសរបស់ Chelsea និងជម្រើសជាតិកូឌីវ័រ Didier Drogba ប្រកាសចូលនិវត្តន៍

មាស សុផាណារ៉ុង November 22, 2018


អតីតវីរបុរសរបស់ក្លិបតោខៀវ Chelsea និងជម្រើសជាតិកូឌីវ័រ កីឡាករ Didier Drogba បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចំណាយរយៈពេលជាង២០ឆ្នាំ។

អតីត​កីឡាករនៃក្រុមជម្រើសកូឌីវ័ររូបនេះ បានប្រាប់សារព័ត៌មានថា៖ «ខ្ញុំសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំក្រោយរយៈពេល២០ឆ្នាំ»។

បច្ចុប្បន្នបុរសវ័យ៤០ឆ្នាំ កំពុងប្រកបអាជីពជាមួយក្រុម Phoenix Rising លីគលំដាប់ទី២ សហរដ្ឋអាមេរិក ដោយរូបគេក៏ជាម្ចាស់ភាគហ៊ុននៃក្លិបនោះផងដែរ។

សូមបញ្ជាក់ថា អតីតខ្សែប្រយុទ្ធរូបនេះ ទទួលភាពជោគជ័យជាងគេជាមួយក្លិបតោខៀវ Chelsea ដោយបានចំណាយពេល២ដំណាក់កាលនៅ Stamford Bridge រកគ្រាប់បាល់បាន១៦៤គ្រាប់ ក្នុងចំណោម៣៨១ប្រកួត ធ្លាប់ជាម្ចាស់ស្បែកជើងមាស២រដូវកាល ( ២០០៦-២០០៧, ២០០៩-២០១០ ) Premier League និងឈ្នះជើងឯកក្នុងក្របខណ្ឌដដែលនេះចំនួន៤ដង ថែមទាំងពានរង្វាន់ធំជាងគេប្រចាំទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០១២ ផងដែរ។

Drogba ត្រូវបានរំពឹងថានឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ United Soccer League Cup នៅដើមខែនេះ ហើយការប្រកួតចុងក្រោយរបស់គេបានបរាជ័យ ១-០ ដោយក្រុម Louisville City នៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕

 

ប្រភព៖ Goal

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់