AFF Suzuki: ហ្វីលីពីន បង្អាក់ដំណើរ ថៃ មិនឲ្យឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ ក្រោយតាមស្មើចុងម៉ោង

មាស សុផាណារ៉ុង November 21, 2018


ហ្វីលីពីន៖ ក្រុមជម្រើសជាតិហ្វីលីពីន មុននេះបន្តិចបានបង្អាក់ចង់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមុនគេ របស់ក្រុមជម្រើសជាតិថៃ បន្ទាប់ពីខ្លួនបានតាមស្មើចុងម៉ោងនៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 វគ្គជម្រុះក្នុងពូល ប្រចាំពូល B មុននេះបន្តិច ដោយលទ្ធផល ១ទល់១ នាកីឡដ្ឋាន Panaad Stadium ទឹកដីនៃប្រទេសហ្វីលីពីន។ នៅក្នុងការប្រកួតនេះ ថៃ បានបើកការនាំមុខមុនតាំងពីដើមវគ្គទី២ ធ្វើបានដោយកីឡាករវ័យ១៩ឆ្នាំ Supachai Jaided តែខ្វះតែ៩នាទីមុនបញ្ចប់ការប្រកួត ហ្វីលីពីន បានតាមស្មើមកវិញដែលជាការទាត់ចូលទីដោយកីឡាក ​Jovin Bedic និងរក្សារហូតដល់ចប់ការប្រកួត។

ការប្រកួត១ប្រកួតទៀតនៅក្នុងពូលនេះ គឺម្ចាស់ផ្ទះសិង្ហបុរី បានយកឈ្នះជាមួយនឹងលទ្ធផលលើសលុបលើក្រុមភ្ញៀវទីម័រខាងកើត ៦ទល់១ ដូច្នេះនៅក្នុងពូល B ឆ្លងកាត់ការប្រកួតប៉ុន្មានប្រកួតកន្លងមក នៅមិនទាន់រកឃើញក្រុមដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការនៅឡើយទេ ប៉ុន្តែមានតែបេក្ខភាព៣ក្រុមប៉ុណ្ណោះដែលអាចមានឱកាសឡើងទៅវគ្គបន្ត គឺថៃ សិង្ហបុរី និងហ្វីលីពីន ខណៈឥណ្ឌូនេស៊ី ជាមួយ ទីម័រខាងកើត បានជ្រុះចេញពីកម្មវិធី។ សម្រាប់ការប្រកួតបិទពូល និងជាការប្រកួតកាត់សេចក្ដី ធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ថៃ នឹងស្វាគមន៍ សិង្ហបុរី ស្របពេលដែល ឥណ្ឌូនេស៊ី ស្វាគមន៍ ហ្វីលីពីន៕

 

រូបភាព៖ FA Thailand

អត្ថបទ៖ ណារ៉ុង

 

មតិយោបល់