កីឡាជាតិ៖ ទោះឈ្នះត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែអត្តពលិកខេត្តរតនគីរីនៅតែមានមោទកភាព!

នូ មករា May 31, 2018


ភ្នំពេញ៖ នេះគឺជាលើកដំបូងរបស់ខេត្តរតនៈគិរីដែលបានចូលរួមប្រកួតកីឡាជាតិ និងទទួលបានមេដាយបើទោះបីនេះជាមេដាយសំរឹទ្ធក៏ដោយ ក៏តំណាងប្រតិភូរបស់ខេត្តមួយនេះ នៅតែមានមោទភាពយ៉ាងខ្លាំងចំពោះការប្រឹងប្រែងរបស់អត្តពលិក ។ លោក លើ វ៉ាន់ព្រហស្បតិ៍ តំណាងប្រតិភូរបស់ខេត្តរតនៈគិរីបានមានប្រសាសន៍ថា ទោះបីមេដាយលើកដំបូងបានត្រឹមសំរឹទ្ធក៏ដោយក៏ជាមេដាយដ៏មានន័យ និងជាមោទកភាពសម្រាប់ខេត្តរបស់ខ្លួនព្រោះនេះជាមេដាយកីឡាជាតិលើកដំបូងបំផុតសម្រាប់ខេត្តដាច់ស្រយាលមួយនេះ ម្យ៉ាងទៀតមេដាយនេះកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តលិកមានមូលដ្ឋាននៅខេត្តនេះផ្ទាល់ ។
 
សូមបញ្ជាក់ថា មេដាយសំរឹទ្ធទី១របស់ខេត្តនេះគឺបានលើប្រភេទកីឡាប៉េតង់លើវិញ្ញាសា ៣នាក់ទល់៣នាក់ផ្នែកនារី ។ សម្រាប់ការប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ ខេត្តរតនគិរីបានបញ្ជូនអត្តលិកជាង១០០នាក់លើ២៧ប្រភេទកីឡាចូលរួម ។ លោក វ៉ាន់ព្រហស្បតិ៍ បានបន្តថា សមត្ថភាពរបស់អត្តពលិកខេត្តរតនគិរីនៅមានកម្រិតនៅឡើយបើធៀបនឹងខេត្តដទៃដែលមានមូលដ្ឋាននៅជិតរាជធានីភ្នំពេញ ព្រោះអត្តពលិកខេត្តនេះមិនទាន់មានកីឡាករជាប់ជម្រើសជាតិនោះទេ មួយវិញទៀត អត្តពលិកក៏មិនដែលទទួលបានឱកាសមកហ្វឹកហាត់ជាមួយក្លិបក្នុងរាជធានីភ្នំពេញផងដែរ ។
ជាមួយគ្នានេះ លោកក៏ស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធសូមបង្កើនការយកចិត្តទុកដាក់លើខេត្តដាច់ស្រយាលមួយនេះតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល ឬចាត់ឲ្យអ្នកជំនាញទៅចែករំលែកបទពិសោធន៍នៅទីនោះជាដើម ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់