កម្ពុជា រក្សាជំហររឹងមាំនៃការរៀបធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ទោះស៊ីហ្គេម នៅវៀតណាម មិនទាន់ច្បាស់លាស់

មាស សុផាណារ៉ុង June 11, 2021


 

ភ្នំពេញ៖ យោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម ២០២៣ CAMSOC “Cambodia SEA GAMES 2023” បានបញ្ជាក់ថា កម្ពុជា នៅតែរក្សាជំហរយ៉ាងរឹងមាំនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមពេលពេលវេលាដែលបានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឱកាសដែលម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ វៀតណាម បានលើកសំណើរពិភាក្សាអំពីការពន្យាពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែង។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ដោយសារតែការជូនដំណឹងរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងអំពីការពន្យាពេល ស៊ីហ្គេម ឆ្នាំ២០២១ នេះទើបធ្វើឲ្យមានការលើកឡើងនានានូវការលំបាកនានា ក៏ដូចជាភាពមិនច្បាស់លាស់នៃដំណើរការស៊ីហ្គេម លើកទី៣១ ដែលគ្រោងពីថ្ងៃទី២១ វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ដូច្នេះហើយទើបឯកឧត្តម វ៉ាត់ ចំរើន ក្នុងនាមតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ជំហរជាថ្មីនៃដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (បន្ទាប់ពីស៊ីហ្គេមវៀតណាម) មិនប្រែប្រួល មិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លារបស់កម្ពុជានោះឡើយ។

“បើចង់ប្រែប្រួលពេលវេលា ឬការកំណត់ផ្សេងៗ ទាល់តែយើងស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាយើងដូចគ្នា ពីព្រោះស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេចលើការងាររៀបចំ និងនយោបាយផ្សេងៗទៀត។ ដូច្នេះហើយ យើងនឹងរង់ចាំមើលការសម្រេចរបស់ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ហើយវាចេះតែមានផលប៉ះពាល់ខ្លះៗហើយ ដោយសារអ្វីៗដែលយើងគ្រោងដែលនឹងត្រូវដើរទៅជាបន្តបន្ទាប់នៃដំណើរការស៊ីហ្គេម វាអាចនឹងផ្តល់ផលប៉ះពាល់ខ្លះនៃការលើកពេលស៊ីហ្គេម នៅវៀតណាមនេះ។ ខ្ញុំជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេ ដល់ដំណើរការស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជាយើងនៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល។” នេះជាការអះអាងរបស់ឯកឧត្តម វ៉ាត់ ចំរើន។

“ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នៅតែបន្តធ្វើការងារជាប្រចាំ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការដឹកនាំពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីធ្វើយ៉ាងណាសម្រួចគោលដៅឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។”

“ជារួម គឺកម្ពុជានៅតែបន្តកិច្ចខិតខំប្រឹងប្រែងតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយមិនរង់ចាំ ឬមិនទោមនស្សទៅនឹងសភាពការណ៍ប្រែប្រួល ឬមិនប្រែប្រួលរបស់ស៊ីហ្គេមរៀតណាម នោះទេ។ យើងដឹងថា កម្ពុជារឹងមាំនៅក្នុងផែនការរបស់យើង ហើយបណ្តាប្រទេសទាំងអស់ក្នុងអាស៊ីអាគ្នេយ៍សប្បាយចិត្ត អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជំហរនៃការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយកម្ពុជាកំពុងខិតខំធ្វើកិច្ចការយ៉ាងច្រើនប្រកបដោយភាពស្វាហាប់ ដែលនេះគឺជាការមើលឃើញរបស់អន្តរជាតិ ហើយយើងក៏រីករាយ ដែលថ្នាក់ដឹកនាំកម្ពុជាបានជំរុញឲ្យយើងបន្តធ្វើកិច្ចការទាំងអស់នេះជាប់ជាប្រចាំឥតងាករេឡើយ”

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់