កូរ៉េខាងត្បូង ប្តឹងតវ៉ាពីវិវាទអធិបតេយ្យលើដែនកោះមួយដែលមានបង្ហាញក្នុងផែនទីអូឡាំពិករបស់ជប៉ុន

មាស សុផាណារ៉ុង June 2, 2021


 

កូរ៉េខាងត្បូង៖ មន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េខាងត្បូង បានប្តឹងតវ៉ាទៅកាន់គណៈកម្មាធិការអូឡាពិកអន្តរជាតិ ឬ the International Olympic Committee (IOC) ក្នុងគោលដៅឱ្យស្ថាប័ននេះដាក់សម្ពាធលើរាជរដ្ឋាភិបាលក្រុងតូក្យូ ដើម្បីដកចេញវិញនូវដែនកោះមួយ ដែលកូរ៉េបានអះអាងស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន តែបែរជាត្រូវបានដាក់បញ្ចូលក្នុងទឹកដីជប៉ុន ដោយមានបង្ហាញនៅក្នុងផែនទីអូឡាំពិក ក៏ដូចជាគេហទំព័រ Tokyo Games ខណៈដែលប្រទេសជប៉ុនគឺជាម្ចាស់ផ្ទះការប្រកួត Tokyo Olympics នោះ។

នៅក្នុងបណ្តឹងរបស់ខ្លួនគណៈកម្មាធិការកីឡា​ និងអូឡាំពិកូរ៉េខាងត្បូង ឬ The Korean Sport and Olympic Committee (KSOC) បានស្នើសុំឱ្យ IOC ដាក់ចេញនូវ “ការសម្របសម្រួលជាក់ស្តែង” ដើម្បីបញ្ចប់វិវាទដែលកំពុងកើតមាន ស្របពេលដែលការប្រកួតក៏កាន់តែខិតជិតចូលមកដល់ ហើយបើតាមភាគីកូរ៉េ ទង្វើរបស់ជប៉ុនគឺជាការសកម្មភាពនយោបាយមួយដែលនាំឱ្យប៉ះពាល់ទៅដល់ស្មារតីអូឡាំពិក ថែមទៀតផង។

សូមបញ្ជាក់ថា ដែនកោះតូចមួយដែលមានឈ្មោះថា Dokdo ជាភាសាកូរ៉េ និងមានឈ្មោះជាភាសាជប៉ុនថា Takeshima គឺជាចំនុចជម្លោះជាងមួយទសវត្ស ហើយរវាងប្រទេសជិតខាងទាំងពីរដែលបានទាមទារសិទ្ធិអធិប្បតេយ្យក្នុងការគ្រប់គ្រងរៀងៗខ្លួន។ “Dokdo គឺជាទឹកដីរបស់ប្រទេសកូរ៉េ ហើយការប្រកួតកីឡាគឺត្រូវតែដំណើរការទៅដោយអព្យាក្រឹតពីបញ្ហានយោបាយ” លោក Kim Bo-young ប្រធានទំនាក់ទំនងសាធារណៈនៃ KSOC បានលើកឡើងបែបនេះ។

ជាការឆ្លើយតបមន្ត្រីជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានថ្លែងថា៖ “បើផ្អែកតាមប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ កោះ Takeshima គឺស្ថិតនៅក្នុងដែនដីរបស់ជប៉ុន ហេតុនេះយើងមិនអាចទទួលយកការតវ៉ារបស់ប្រទេសកូរ៉េបានទេ។”

ពាក់ព័ន្ធនឹងវិវាទនេះដែរ កាលពីថ្ងៃអង្គារម្សិលមិញភាគីកូរ៉េខាងត្បូង ក៏បានកោះហៅភារីធារីទូតជប៉ុន ដើម្បីធ្វើការបំភ្លឺនិងបកស្រាយពីការជំទាស់ដាច់ខាតចំពោះផែនទីអូឡាំពិក ដែលជប៉ុនបានរៀបចំឡើង ខណៈដែលនាពេលថ្មីៗនេះមានក្រុមនិស្សិតជាច្រើនបានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្ថានទូតជប៉ុន ប្រចាំនៅក្នុងប្រទេសកូរ៉េ រហូតមានការដុតបំផ្លាញទង់ជាតិព្រះអាទិត្យ ដែលតំណាងឱ្យចក្រពត្តិជប៉ុននាសម័យសង្គ្រាមលោក លើកទី២ ខណៈដែលមាននិស្សិត​ ៣នាក់ទៀតត្រូវបានចាប់ខ្លួនពីបទបង្កហិង្សាថែមទៀតផង៕

 

ប្រភព៖ Reuters

មតិយោបល់