អត្តពលិកអូស្ត្រាលី ជាក្រុមដំបូងគេដែលបានទៅដល់ទឹកដីជប៉ុន ដើម្បីចូលរួមប្រកួត Tokyo Olympics

មាស សុផាណារ៉ុង June 2, 2021


 

ជប៉ុន៖ ក្រុមកីឡាករ-កីឡាការិនី ផ្នែកកីឡា Softball របស់អូស្ត្រាលី បានក្លាយជាក្រុមអត្តពលិកដំបូងគេដែលបានទៅដល់ទឹកដីប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Tokyo Olympics ខណៈដែលមហាជននៅមានមន្ទិល ក៏ដូចមានការបញ្ចេញមតិផ្សេងៗគ្នាមានទាំងគាំទ្រ និងមានទាំងទាមទារឱ្យលុបចោលព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងសកលលោកនេះ ផងដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមអត្តពលិក ក៏ដូចជាប្រតិភូទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ ហើយត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់ទាំងក្នុងពេលមកដល់ ក៏ដូចជាមុនការចេញដំណើរទៅកាន់ទីណាមួយ ព្រមទាំងតម្រូវឱ្យអនុវត្តតាមវិធានសុខាភិបាលយ៉ាងត្រឹមត្រូវដូចជាពាក់ម៉ាស្គ៍ របាំងមុខការពារ ជាដើម។

ទោះបីមានជាមានការរំខានដោយចំណាត់ការការពារខ្លះក៏ពិតមែន ប៉ុន្តែក្រុមអត្តពលិកអូស្ត្រាលី ហាក់មានអារម្មណ៍នឹងនរ ហើយមានភាពសប្បាយរីករាយក្នុងការបំបេញបេសកកម្មរបស់ពួកគេ ខណៈដែលបគ្រូបង្វឹករបស់ពួកគេ លោក Robert Harrow បានលើកឡើងថា ក្រុមទាំងមូលនឹងគោរពខ្ជាប់ខ្ជួនតាមលក្ខខណ្ឌកំណត់របស់ប្រទេសម្ចាស់ផ្ទះ ដូចជារក្សាការហ្វឹកហាត់តែនៅក្នុងជុំរំប្រមូលម្តុំដែលបានរៀបចំ និងទៅកាន់ទីណាដែលអាជ្ញាធរបានអនុញត្តតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោក Harrow បានអះអាងថា ក្រុមរបស់លោកមានកិត្តិយស និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រទេសជប៉ុន ហើយរំពឹងថាប្រទេសផ្សេងទៀតនឹងមានជំនឿចិត្តខ្ពស់ក្នុងការចូលរួមព្រឹត្តិការណ៍នេះ ដោយជម្នះនូវរបាំងនៃភាពភ័យខ្លាចដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ នោះ៕

 

ប្រភព៖ AFP

មតិយោបល់