សិង្ហបុរី ចាក់វ៉ាក់សាំងដល់ក្រុមអត្តពលិកអូឡាំពិក ខណៈក្រុមត្រៀមសុីហ្គេមនឹងត្រូវផ្តល់បន្តបន្ទាប់

មាស សុផាណារ៉ុង May 27, 2021


 

សិង្ហបុរី៖ គិតមកទល់ពេលនេះក្រុមអត្តពលិក គ្រូបង្វឹក និងមន្ត្រីប្រតិភូ របស់ប្រទេសសិង្ហបុរី ប្រមាណជា ២២០នាក់ដែលត្រូវប្រកួតប្រជែង និងចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Olympics បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយក្នុងនាមជាក្រុមអាទិភាព ខណៈដែលក្រុមត្រៀមសុីហ្គេម ចុងឆ្នាំជាគោលដៅដែលនឹងត្រូវផ្តល់ឱ្យជាបន្តបន្ទាប់ទៀត។

ប្រធានវិទ្យាស្ថានកីឡាសិង្ហបុរី (The Singapore Sport Institute) លោក Toh Boon Yi បានបញ្ជាក់ថា កិច្ចការទាំងនេះបានធ្វើឡើងតាំងពីខែកុម្ភៈដើមឆ្នាំ២០២១ ហើយថានៅចុងខែឧសភានេះ ក្រុមត្រៀមសុីហ្គេមក៏នឹងត្រូវទទួលបានវ៉ាក់សាំងផងដែរ។

“ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល យើងត្រូវធានាថា ក្រុមអត្តពលិកជម្រើសសិង្ហបុរីទាំងអស់បានចាក់វ៉ាក់សាំងរួចរាល់សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ធំៗទាំងពីរ។” លោក Toh បានថ្លែងបែបនេះ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានថ្លែងកាលនាថ្ងៃព្រហស្បតិ៍នេះថា៖ “សហគមន៍កីឡារបស់យើងគឺជាក្រុមដែលងាយរងគ្រោះពីការឆ្លងកូវីដ១៩ ដូចនេះយើងបានបង្កើតយុទ្ធនាការគាំទ្រពួកគេទាំងក្រុមអូឡាំពិក និងបារ៉ាឡាំពិក ដើម្បីធានាថាពួកគេអាចហ្វឹកហាត់ដោយសុវត្ថិភាពប្រឈមនឹងស្ថានភាពដ៏ផុយស្រួយនាពេលបច្ចុប្បន្ន។”

 

ប្រភព៖ CNA

មតិយោបល់