ស៊ីហ្គេម២០២១ នៅវៀតណាម នឹងនៅតែបន្តតាមកាលវិភាគ ទោះកូវីដក្នុងតំបន់អាស៊ានកំពុងរំខានខ្លាំង

មាស សុផាណារ៉ុង May 25, 2021


 

ភ្នំពេញ៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នឹងនៅតែបន្តរៀបចំតាមគម្រោងការ នេះបើតាមការបញ្ជាក់ដោយ ម្ចាស់ផ្ទះវៀតណាម កាលពីពេលថ្មីៗនេះ ក៏ដូចជាព័ត៌មានបញ្ជាក់បន្ថែមពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ។

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលក្ខណៈចង្អៀត ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺការបញ្ជាក់ជាថ្មីអំពីម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ប្រទេសវៀតណាម ដោយម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១នេះ ត្រូវតែរៀបចំធ្វើ១០០% ដែលនេះគឺជាការបញ្ជាក់ជាថ្មី ក្រោយពីមានភាពស្រពេចស្រពិលអំពីការរៀបចំស៊ីហ្គេមនេះដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយទើប ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេម ឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ១០០%ដូចគ្នាផងដែរ។

“ខ្ញុំបានផ្តល់ព័ត៌មានទាំងអស់នេះជូនកិច្ចប្រជុំ ដើម្បីឲ្យសហព័ន្ធកីឡាជាតិយើងបានត្រៀមខ្លួន ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវកាលបរិច្ឆេតសំខាន់ៗពីពេលនេះរហូតដល់ពេលស៊ីហ្គេម តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទស៊ីហ្គេម ពេលណា និងលក្ខខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះ គឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។” សម្ដីឯកឧត្តម វ៉ាត់ ចំរើន។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានកំណត់បង្ហាញ ជាផ្លូវការនូវប្រភេទកីឡាចំនួន៤០ និងមាន ៥២៦វិញ្ញាសា។ “For A Stronger Southeast Asia” នឹងក្លាយជាបាវចនាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games)៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់