សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់

មាស សុផាណារ៉ុង May 25, 2021


 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការ អំពីអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់ដើម្បីបង្ការពីជំងឺកូវីដ-១៩។

យោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC “Cambodia SEA GAMES 2023” ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលក្ខណៈចង្អៀត នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដោយផ្តោតសំខាន់លើការបញ្ជាក់អំពីការរៀបចំរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នៅចុងឆ្នាំ២០២១ ថាត្រូវតែរៀបចំធ្វើ១០០%។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំនេះ អ្វីដែលពិសេសនៅថ្ងៃនេះផងដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា៖ “សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការអនុញ្ញាតឲ្យក្រុមជម្រើសជាតិកម្ពុជា នៃប្រភេទកីឡានីមួយចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ ដោយសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់មានសុវត្ថិភាព គឺសហព័ន្ធកីឡាជាតិនោះត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជុំគ្នាឡើងវិញ ដោយសារតែការហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះនៅសល់ពេលកាន់តែតិចទៅៗ។ ជាមួយគ្នានោះ វិធានការ៣កុំ ៣ការពារ នៅតែថែរក្សា និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត និងបន្តតាមដានត្រួតពិនិត្យតាមដានសុខភាពរបស់ក្រុមជម្រើសជាតិផងដែរ។”

ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាតាមសំណើរសម្តេចពិជ័យសេនាប្រធាន CAMSOC បានចេញរួចហើយ ដោយចំណុចទី១ បានកំណត់ការចូលរួមហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ដូចទៅនឹងបណ្តាប្រទេសនានា ក៏គេធ្វើយ៉ាងដូច្នេះដែរ។ ចំណុចទី២ គឺការប្រមូលផ្តុំត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា មានកម្លាំងពិត។ មានន័យថា កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកជម្រើសជាតិកម្ពុជា កំពុងរៀន កីឡាករ និងគ្រូបង្វឹកខ្លះធ្វើការនៅអង្គភាពរដ្ឋ ក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ និងស៊ីវិលតាមវិស័យផ្សេងៗក៏មាន ដោយពួកគាត់បានបំពេញការងាររដ្ឋបាលនៅតាមស្ថាប័នរបស់គាត់ ៨ម៉ោង ពោលគឺអស់ម៉ោងសម្រាប់ការងារហ្វឹកហាត់ក្នុងវិស័យកីឡា ដោយគាត់អាចបង្ហាត់បានត្រឹមតែចុងៗម៉ោងប៉ុណ្ណោះ ដោយនេះមិនគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់បច្ចេកទេសកីឡានោះទេ ពោលគឺមិនគ្រប់ដូសតាមកម្មវិធីហ្វឹកហាត់បច្ចេកទេសកីឡានោះទេ ដោយការហ្វឹកហាត់ត្រូវការ ៨ម៉ោង ក្នុង ១ថ្ងៃៗ។ បើការហ្វឹកហាត់ ៨ម៉ោងក្នុង១ថ្ងៃៗ គឺយើងត្រូវការពេលសម្រាក ១២ម៉ោង។

ចំពោះកីឡាករ កីឡាការិនី ដែលរៀនរយៈពេល ៨ម៉ោងក្នុង១ថ្ងៃ ដល់ពេលពួគគាត់ចូលហ្វឹកហាត់មិនអាចធ្វើទៅកើតដែរ ដូច្នេះហើយទើបមានការគិតគូអំពីសុខមាលភាពរបស់ពួកគាត់ ដើម្បីបំប៉នបច្ចេកទេសឲ្យបានល្អប្រសើរ។ នៅក្នុង ស.ជ.ណ បានចែងថា អ្នកណា ដែលជាមន្ត្រីរាជការ ត្រូវប្រមូលកីឡាករ-កីឡាការិនី និងគ្រូបង្វឹកមកហ្វឹកហាត់តែ ១មុខសិន រហូតដល់បញ្ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទើបអនុញ្ញាតឲ្យទៅបម្រើការងារនៅតាមអង្គភាពរបស់ខ្លួនវិញ។

ចំពោះប្រាក់បៀរវត្តន៍របស់ក្រុមជម្រើសជាតិទាំងនោះ ដែលជាមន្ត្រីរាជការ នៅតែរក្សាជូនដដែល ហើយពេលមកហ្វឹកហាត់នេះក៏ទទួលបាន ប្រាក់ឧបត្ថម្ភហ្វឹកហាត់ទៀត ដែលនេះជាលំនាំ ដែលប្រទេសគេធ្វើម្ចាស់ផ្ទះធ្លាប់បានធ្វើរួចហើយ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ គឺនៅសល់ពេលជិត ២ឆ្នាំប៉ុណ្ណោះ ស្របពេលដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បើគ្មានអ្វីប្រែប្រួលព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធពិធីបើកផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់