ត្រឹមវ័យ ១៦ឆ្នាំ យុវតីអុីតាលីម្នាក់បង្កើតកំណត់ត្រាពិភពលោក ក្នុងវិញ្ញសាមួយលើប្រភេទកីឡាហែលទឹក

មាស សុផាណារ៉ុង May 24, 2021


 

ហុងគ្រី៖ យុវតី Benedetta Pilato បានបង្កើតកំណត់ត្រាពិភពលោកក្នុងវិញ្ញាសា ៥០ម៉ែត្រហែលរបៀបកង្កែប (50m Breaststroke) កាលពីថ្ងៃសោរ៍ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតហែលទឹកជើងឯកទ្វីបអឺរ៉ុប ឬ The European Swimming Championships ដែលកំពុងប្រព្រឹត្តិទៅនៅក្នុងប្រទេសហុងគ្រី។

យុវតីវ័យ១៦ ឆ្នាំនេះប្រើថិរវេលាត្រឹមតែ ២៩.៣០ វិនាទីតែបុណ្ណោះ សម្រាប់វិញ្ញាសាខាងលើដោយបានបំបែកកំណត់ត្រាចាស់របស់កីឡាការិនីអាម៉េរិក Lilly King ដែលធ្វើបានក្នុងថិរវេលា ២៩.៤០វិនាទី កាលពីឆ្នាំ២០១៧ ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺអ្នកទាំងពីរសុទ្ធតែបានបង្កើតកំណត់ត្រាពិភពលោកនៅក្នុងអាងទឹកតែមួយព្រោះទាំង ២លើកគឺប្រទេសហុងគ្រី បានបំពេញតួនាទីជាម្ចាស់ផ្ទះរៀបចំការប្រកួតតែម្តង។

ជាមួយនឹងក្តីរំភើប Benedetta Pilato បានថ្លែងថា រូបគេគិតស្មានថាវាជាកំណត់ត្រាត្រឹមទ្វីបអឺរ៉ុបតែប៉ុណ្ណោះ តែវាបែរក្លាយជាសមិទ្ធផលដ៏អស្ចារ្យកម្រិតពិភពលោកទៅវិញ។ សូមបញ្ជាក់ថា Pilato ក៏ធ្លាប់បានឈ្នះមេដាយប្រាក់កាលពីប្រកួតនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូងនាឆ្នាំ២០១៩ ចំណែកមេដាយមាសបានទៅកីឡាការិនី Lilly King ។

 

ប្រភព៖ AFP

មតិយោបល់