តំណាងរាស្ត្រជប៉ុនមួយចំនួន រងការរិះគន់ថាបានបំពានស្មារតីអូឡាំពិក ព្រោះការរើសអើងលើក្រុម LGBT

មាស សុផាណារ៉ុង May 24, 2021


 

ជប៉ុន៖ ក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសជប៉ុន បានធ្វើការរិះគន់ និងថ្កោលទោសលើអ្នកតំណាងរាស្ត្រមួយចំនួនថាបានបំពាន ឬបំផ្លាញគុណតម្លៃអូឡាំពិកតាមរយៈការរើសអើងលើក្រុមLGBT ដែលសកម្មភាពនេះបានកើតឡើងក្នុងអំឡុងពេលពិភាក្សាដើម្បីតាក់តែងច្បាប់ថ្មី ស្តីពីការប្រឆាំងការរើសអើង សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចនេះ។

សារព័ត៌មានក្នុងស្រុក Asahi Shimbun បានចុះផ្សាយថា សមាជិករដ្ឋសភាមកពីបក្សកាន់អំណាច Liberal Democratic Party (LDP) លោក Kazuo Yana បានថ្លែងក្នុងពេលប្រជុំថា ក្រុមមនុស្សដែលស្រលាញ់ភេទដូចគ្នា អ្នកស្រលាញ់ទ្វេភេទ និងក្រុមអ្នកកែភេទ (LGBT) ជាក្រុមមនុស្សដែលកើតខុសពីដំណើរជីវសាស្ត្រ និងដែលត្រូវទប់ទល់ដើម្បីរក្សាតំណពូជរបស់មនុស្ស ខណៈដែលតំណាងរាស្ត្រម្នាក់ទៀត គឺលោក Eriko Yamatani ក៏បានធ្វើការវាយប្រហារលើក្រុមអត្តពលិកដែលបានកែភេទផងដែរ។ ជាងនេះទៅទៀត សមាជិកសភាខ្លះទៀតថែមទាំងបានបរិហារថា “ឈរលើគោលការណ៍សីលធម៌គេមិនអាចទទួលស្គាល់ក្រុម LGBT បានទេ”

ជាការឆ្លើយតប សហគមន៍ Pride House Tokyo ដែលជាដៃគូផ្លូវការមួយក្នុងកម្មវិធីអូឡាំពិក បានរួមគ្នាជាមួយសម្ព័ន្ធអត្តពលិក (Athlete Ally) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក​ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានលើកឡើងថា ប្រសិនបើករណីនេះជាការពិត វាគឺជាការបំពានស្មារតីអូឡាំពិក និងប៉ារ៉ាឡាំពិក ខណៈដែលតូក្យូនឹងត្រូវធ្វើជាម្ចាស់ផ្ទះនោះ។

“តើអត្តពលិកម្នាក់ៗអាចមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពបានដែរឬទេ នៅពេលដែលខ្លួនកំពុងតែប្រកួតប្រជែងនៅក្នុងប្រទេសមួយដែលមានសមាជិកគណបក្សកាន់អំណាចកំពុងតែបង្កើតឱ្យមានការរើសអើងបែបនេះ?” លោក Gon Matsunaka ប្រធានសហគមន៍ Pride House Tokyo បានថ្លែងបែបនេះ។ ទន្ទឹមនឹងនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតដែលគាំទ្រការបង្កើតច្បាប់ប្រឆាំងការរើសអើងក៏បានសម្តែងការសោកស្តាយចំពោះទង្វើរបស់អ្នកតំណាងរាស្ត្រទាំងនោះផងដែរ។

សូមបញ្ជាក់ថា ធម្មនុញ្ញាអូឡាំពិកបានកំណត់ថា​៖ “បុគ្គលគ្រប់ៗរូបមានសិទ្ធិពេញលេញក្នុងការចូលរួមក្នុងសកម្មភាពកីឡា ដោយគ្មានការរើសអើងឡើយទោះក្នុងទម្រង់ណាក៏ដោយ។” គួររំលឹកថា នេះមិនមែនជារឿងថ្មីនោះទេ សម្រាប់ប្រទេសជប៉ុន ព្រោះកាលពីខែកុម្ភៈ ដើមឆ្នាំនេះ អតីតប្រធានគណៈកម្មាធិការរៀបចំតូក្យូអូឡាំពិកជប៉ុន លោក Yoshirō Mori បានលាលែងពីតំណែងបន្ទាប់ពីបានបញ្ចេញមតិក្នុងន័យសើចចំអកលើមនុស្សស្រី ដោយបានពោលក្នុងអង្គប្រជុំថា “មនុស្សស្រីនិយាយច្រើននាំឱ្យខាតពេល” ហើយភ្លាមៗតំណែងរបស់លោកត្រូវបានជំនួសដោយ លោកស្រី Seiko Hashimoto ដែលជាអតីតកីឡាការិនីជម្រើសជាតិជប៉ុន ផ្នែកកីឡាជិះស្គីលើទឹកកក៕

 

ប្រភព៖ AFP

មតិយោបល់