ចំបាប់ កីឡាដែលផ្សារភ្ជាប់ប្រវត្តិសាស្ត្រ និងប្រពៃណីដ៏មានសក្តានុពលលើឆាកអន្តរជាតិ

នូ មករា May 22, 2016


ក្នុងចំណោមកីឡាជាច្រើនប្រភេទដែលកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរនោះយើងឃើញថា ចំបាប់គឺជាកីឡាមួយដែលប្រកបទៅដោយសក្តានុពលក្នុងការដណ្តើមយកមេដាយ និងពានរង្វាន់ជាច្រើនជូនជាតិនាពេលកន្លងមក។ ជាក់ស្តែងនៅក្នុងការប្រកួតស៊ីហ្គេមលើទី២៧ ក្នុងឆ្នាំ២០១៥ កន្លងទៅនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍បូកអូស្រ្តាលីនេះដែរ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនអត្តពលិកទៅចូលរួម ៩នាក់ (ស្រី៣) ហើយជាលទ្ធផលកីឡាករ ឌន សៅ បានឈ្នះមេដាយមាស កីឡាការិនី ចូវ សុធារ៉ា ឈ្នះមេដាយប្រាក់ ខណៈកីឡាករ ចាប លឿន និង ឆាំ ពិស៊ិន ឈ្នះសំរឹទ្ធដូចគ្នា។ នាពេលកន្លងមក ចំបាប់ធ្លាប់ដណ្ដើមបានមេដាយជាច្រើនគ្រឿងជូនជាតិមាតុភូមិ និងតែងតែទទួលបានចំណាត់ថ្នាក់ដ៏ល្អគួរឲ្យកត់សម្គាល់ដោយកម្ពុជាធ្លាប់បានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមក្នុង ព្រឹត្តិការណ៍ធំៗដូចជា ព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) កីឡាអាស៊ីអាគ្នេយ៍ (South East Asian Games), កីឡាអូឡាំពិក (Olympic) និងអូឡាំពិកយុវជន ជើងឯកអាស៊ី (Asian Championship) ជើងឯកពិភពលោក (World Championship) និងជើងឯកពិភពលោកផ្នែកសាកលវិទ្យាល័យជាដើម។

img_9144
សូមបញ្ជាក់ផងដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រូវបានបង្កើតឡើងតាំងពីទសវត្សរ៍ទី៦០ មកម៉្លេះ ប៉ុន្តែរហូតមកដល់ឆ្នាំ១៩៨៦ ទើបត្រូវបានបង្កើតឡើងសាជាថ្មីក្រោយរបបសម័យខ្មែរក្រហមដួលរលំដោយពេលនោះសហព័ន្ធបានបញ្ជូនសមាជិកចំនួន ៤ នាក់ឲ្យទៅហ្វឹកហាត់នៅឯប្រទេសរុស្សី។ ក្រោយមកនៅឆ្នាំ១៩៩៧ ទើបកម្ពុជាបានបញ្ជូនកីឡាកររបស់ខ្លួនឲ្យទៅប្រកួតក្នុងកីឡាស៊ីហ្គេមឆ្នាំនោះដែរ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយទទួលបានមេដាយសំរឹទ្ធមួយគ្រឿងត្រលប់មកវិញ។ ចាប់ពីឆ្នាំ១៩៩៦មកដែលកាលនោះអត្តពលិកដំបូងគេគឺឯកឧត្ដម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាពេលបច្ចុប្បន្ននេះ។ លុះដល់ស៊ីហ្គេមឆ្នាំ ១៩៩៩ នៅប្រទេសប៊្រុយណេ និង ២០០១ នៅម៉ាឡេស៊ី ក្រុមចំបាប់កម្ពុជាមិនបានចូលរួមទេព្រោះវិញ្ញាសាចំបាប់នេះត្រូវបានប្រទេសម្ចាស់ផ្ទះមិនដាក់បញ្ចូលក្នុងការប្រកួតឡើយ។ ក្រោយមកការប្រកួតស៊ីហ្គេមឆ្នាំ២០០៣ ទើបក្រុមចំបាប់កម្ពុជា បានចូលប្រកួតសាជាថ្មីដោយដណ្ដើមបានមេដាយ ៣ គ្រឿងក្នុងនោះមានប្រាក់ ២ គ្រឿង និងសំរិទ្ធ មួយគ្រឿង។ ភាពជោគជ័យដែលមិនអាចបំភ្លេចបាននោះគឺ នៅក្នុងការប្រកួតស៊ីហ្គេមលើកទី ២៧ នៅឯប្រទេសមីយ៉ាន់ម៉ាក្រុមចំបាប់កម្ពុជាដណ្ដើមបានមេដាយគួរឲ្យភ្ញាក់ផ្អើលពោលគឺឈ្នះមេដាយមាសរហូតដល់ ៤ គ្រឿង ប្រាក់ ២ និង សំរឹទ្ធ ៤ គ្រឿង សរុប ១០ គ្រឿង។

img_9178
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋាលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា៖« កីឡានេះជាប្រភេទកីឡាដែលមានសក្តានុពលមួយសម្រាប់កម្ពុជាមិនត្រឹមតែប៉ុណ្ណោះវាក៏ជាកីឡាដែលមានភ្ជាប់ជាមួយនូវអត្តសញ្ញាណរបស់ជនជាតិខ្មែរផងដែរ និយាយរួមគឺខ្មែរយើងក៏មានចំបាប់ដែរ ដែលយើងហៅថាចំបាប់ប្រពៃណី វាខុសត្រង់ថាលក្ខខណ្ឌនៃការប្រកួតរវាងកីឡាចំបាប់អន្តរជាតិ និងចំបាប់ប្រពៃណីមានភាពផ្សេងពីគ្នាខ្លះៗ ប៉ុន្តែយ៉ាងណាក៏ដោយនៅរាល់ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំក្រសួងតែងតែរៀបចំឲ្យមានការប្រកួតទាំងអស់ហ្នឹងតែម្តង។»
ដូច្នេះចំបាប់ក្រៅពីបានរក្សានូវភាពយូរលង់ជាកីឡាប្រពៃណីជាតិហើយនោះ កីឡានេះក៏ថែមទាំងបានរួមចំណែកនាំមកនូវភាពល្បីល្បាញ និងកិត្តិយសដល់ប្រជាជាតិកម្ពុជាទៀតផង>

img_9204

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត