កម្ពុជា មិនព្រួយបារម្ភហេដ្ឋារចនាសម្ព័ន្ធកីឡា តែបារម្ភសមត្ថភាពអត្តពលិកជម្រើសជាតិ

មាស សុផាណារ៉ុង May 8, 2021


 

ភ្នំពេញ៖ មុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (ស៊ីហ្គេម – SEA Games) កម្ពុជា ហាក់មិនព្រួយបារម្ភបញ្ហាហេដ្ឋារចនាសម្ព័ន្ធកីឡាឡើយ ប៉ុន្តែបារម្ភលើសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម និងអត្តពលិកជម្រើសជាតិ វិញ។ នេះបើយោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC Cambodia SEA GAMES 2023

បែបនេះឯង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាននឹងកំពុងជំរុញលើផែនការធំៗចម្បងៗចំនួនពីរ គឺការកសាងសមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម អត្តពលិកជម្រើសជាតិ និងហេដ្ឋារចនាសម្ព័ន្ធកីឡា បម្រើដល់ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នោះ គិតដល់ពេលនេះសម្រេចបាន ៩៥ភាគរយហើយ។ ឯកឧត្តមអគ្គលេខាធិការពន្យល់ថា “សម្រាប់ផែនការយុទ្ធសាស្ត្រឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានចែកចេញជា ២ផ្នែកធំៗ គឺទី១ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដោយដំណើរការសាងសង់កីឡដ្ឋានធំកំពុងដំណើរការដោយរលូន និងមិនមានឧបស័គ្គអ្វីកើតឡើងនោះទេ និងទី២ គឺការផ្តោតសំខាន់លើការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស បង្កើនគុណភាព សមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ តាមរយៈកម្មវិធីប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស។”

ដើម្បីឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺកម្ពុជាបានធ្វើដំណើរចាប់តាំងពីឆ្នាំ២០១៦ មកម្លេះ ហើយរហូតមកដល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ CAMSOC បានជំរុញឲ្យដំណើរការគ្រប់ទម្រង់ទាំងអស់កំពុងឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាពការងារយ៉ាងរលូនពីមួយជំហានទៅមួយជំហាន និងពីមួយដំណាក់កាលទៅមួយដំណាក់កាលប្រកបដោយភាបជឿជាក់ស្វាហាប់បំផុត។ នៅក្នុងឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់កញ្ចប់ថវិកាពិសេសសម្រាប់ឲ្យ CAMSOC ទទួលបាននូវការអនុវត្តបន្តនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការជំរុញសន្ទុះឲ្យកាន់តែលឿនបន្ថែមទៀត។

ចំពោះការសាងសង់កីឡដ្ឋានធំត្រូវបានពន្លឿនឲ្យបានឆាប់រហ័ស ដោយគិតមកដល់ពេលនេះសម្រេចបាន ៩៥ភាគហើយ ខណៈការបំណាក់កៅអីអង្គុយនៅសល់តែប៉ុន្មានរយកៅអីទៀតប៉ុណ្ណោះ។ នៅសល់តែរយៈពេលដ៏ខ្លីខាងមុខនេះ សំណង់កីឡដ្ឋានធំនឹងរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក ហើយហេដ្ឋារចនាសម្ព័ន្ធដ៏ធំស្គឹមស្គៃដ៏អស្ចារ្យរបស់កម្ពុជានឹងក្លាយជានិមិត្តរូបនៃព្រឹត្តិការណ៍កីឡស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាក់ជាមិនខាន។

ចំណែកភូមិកីឡាក៏កំពុងដំណើរការសាងសង់ដែរ ក្រោមគម្រោងពីក្រុមហ៊ុនសាងសង់ ដើម្បីទទួលការស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនីជាង៧០០០នាក់ បូករួមទាំងប្រតិភូ ភ្ញៀវពិសេសសរុបប្រមាណ១ម៉ឺននាក់ ដែលភូមិកីឡានេះនឹងអាចរួចរាល់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ CAMSOC រៀបចំដល់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទាន់ពេលវេលាផងដែរ។

ជារួម ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងនេះមិនមានអ្វីចោទជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចម្បងគឺការបណ្តុះបណ្តាលធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិតែប៉ុណ្ណោះ ដែល CAMSOC កំពុងជំរុញលើការកសាងសមត្ថភាពក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២១ នេះតទៅ ក្នុងនោះការបញ្ជូនអត្តពលិកជាង ១០០នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន (នាខែសីហា ឆ្នាំ២០២១) ដែលជាជំនួយឥតសំណងរបស់មិត្តចិនមួយផ្នែកទៀត ក្រៅអំពីជំនួយឥតសំណងនៃការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រៅពីការហ្វឹកហាត់នៅចិន ក៏កម្ពុជាគ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសផ្សេងៗទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់