កម្ពុជា ត្រៀមបញ្ជូនអត្តពលិក ១២ប្រភេទកីឡា ចំនួន១៣៥នាក់ ទៅហ្វឹកហាត់នៅចិន សម្រាប់ស៊ីហ្គេម

មាស សុផាណារ៉ុង May 6, 2021


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើកឡើងថា កម្ពុជាបានត្រៀមបញ្ជូនកីឡាករ-កីឡាការិនី សក្តានុពលរបស់ខ្លួនចំនួន ១២ប្រភេទកីឡា មានចំនួន ១៣៥នាក់ ចេញទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

បើយោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC Cambodia SEA GAMES 2023 ឯកឧត្តមអគ្គលេខាធិការូបនេះអះអាងថា ក្រៅពីការផ្តល់ជំនួយឥតសំណងលើការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ របស់រដ្ឋាភិបាលចិន ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាម២០២៣ របស់កម្ពុជា ភាគីចិនក៏បានផ្តល់ជំនួយឥតសំណងមួយផ្នែកទៀតលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីជម្រើសជាតិ ចាប់ពីឆ្នាំ២០២១នេះតទៅ ពោលគឺចាប់ពីដើមខែសីហា ឆ្នាំ២០២១ទៅ ដោយភាគីចិនធានាថាស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានល្អប្រសើរ ហើយអាចទទួលយកក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិនបាន។

នេះគឺជាការហ្វឹកហាត់ដ៏សំខាន់ ក្នុងការបង្កើនគុណភាពបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងកីឡាករ-កីឡាការិនីចិន និងមានទាំងការប្រកួតលក្ខណៈក្នុងស្រុករបស់ចិនផង ម្យ៉ាងទៀតនៅទីនោះក៏មានឧបករណ៍ហ្វឹកហាត់ទំនើបតាមស្តង់ដារផងដែរ។

ឯកឧត្តមចាត់ទុកថា ការហ្វឹកហាត់នៅប្រទេសចិន នឹងជួយជំរុញឲ្យថាមពលកម្លាំង និងស្ថេរភាពបច្ចេកទេសកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះផង ហើយក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិទាំងនោះ នឹងចេញទៅបន្តការហ្វឹកហាត់រយៈពេលវែង រហូតដល់ពេលដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គម ឆ្នាំ២០២៣ តែម្តង។ យ៉ាងណាមិញ ចំពោះប្រភេទកីឡាទាំង ១២នោះ មានប្រភេទកីឡាអ្វីខ្លះនោះ ពុំទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ។

ក្រៅពីការហ្វឹកហាត់នៅចិន ក៏មានប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជា ត្រូវត្រៀមចេញទៅហ្វឹកហាត់នៅតាមបរទេស តាមប្រភេទកីឡានីមួយៗផងដែរ ដូចជាតេក្វាន់ដូ ត្រៀមចេញទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង កីឡាការ៉េតេ ទៅហ្វឹកហាត់នៅជប៉ុន វ៉ូវីណាម ទៅហ្វឹកហាត់នៅប្រទេសវៀតណាម ជាដើម៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់