ព្រឹត្តិការណ៍ Tokyo Olympics អាចនឹងប្រព្រឹត្តទៅដោយមិនអនុញ្ញាត្តឱ្យទស្សនិកជនចូលទស្សនាឡើយ​

មាស សុផាណារ៉ុង May 3, 2021


 

ជប៉ុន៖ ខណៈដែលការរាតត្បាតដោយរលកទី៤ នៃវីរសុកូវីដ១៩ កំពុងតែវាយលុកនៅក្នុងប្រទេសជប៉ុននោះ ប្រធានគណៈកម្មាធិការរៀបចំការប្រកួត Tokyo Olympics បានបង្ហើបថា ដើម្បីសុវត្ថិភាពចំពោះមនុស្សជាតិ ព្រឹត្តិការណ៍កីឡាដ៏ធំនេះអាចនឹងដំណើរការទៅដោយបិទទ្វារ ពោលគឺទំនងជាមិនអនុញ្ញាត្តឱ្យមានទស្សនិកជនចូលរួមទស្សនាឡើយ។ យ៉ាងណាក៏ដោយ ការសម្រេចជាផ្លូវការនឹងត្រូវធ្វើឡើងនាខែមិថុនាខាងមុខនេះ។

ប្រធានគណៈកម្មាធិការរៀបចំការប្រកួត លោកស្រី Seiko Hashimoto បានថ្លែងប្រាប់ AFP ថា វាអាចទៅរួចដែលថាការប្រកួតនឹងដំណើរការទៅដោយគ្មានទស្សនិកជន ព្រោះបើតាមលោកស្រីព្រឹត្តិការណ៍នេះអាចជោគជ័យទៅបានលុះត្រាណាតែវាបានការពាររពេញលេញដល់អាយុជីវិត និងសុខភាពរបស់អត្តពលិក ក៏ដូចជាប្រជាជនជប៉ុនផងដែរ។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានការរិគន់ក៏ដូចជាការសម្តែងក្តីព្រួយបារម្ភចំពោះហានិភ័យនៃវិស័យសុខាភិបាលក្នុងប្រទេស បន្ទាប់ពីគណៈកម្មាធិការរៀបចំការប្រកួតបានប្រកាសស្នើសុំជំនួយពីក្រុមគ្រូពេទ្យ ដើម្បីបម្រើការងារក្នុងអំឡុងពេលប្រកួតនានា ហេតុនេះមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ប្រសិនបើការប្រកួតដោយបិទទ្វារដូចនេះគេក៏អាចកាត់បន្ថយតម្រូវការក្រុមគ្រូពទ្យផង និងធានាបានសុវត្ថិភាពផងក្នុងការបន្ថយចរន្តចម្លងផង ព្រមទាំងកង្វល់របស់មហាជនពាក់ព័ន្ធនឹងការថែទាំងសុខុមាលភាពផង៕

 

ប្រភព៖ firstpost.com

មតិយោបល់