កីឡាករហែលទឹកមីយ៉ាន់ម៉ា ម្នាក់បោះបង់ឱកាសប្រកួតអូឡាំពិក ដើម្បីបង្ហាញការប្រឆាំងរបបយោធាផ្តាច់ការ

មាស សុផាណារ៉ុង April 30, 2021


 

មីយ៉ាន់ម៉ា៖ កីឡាករហែលទឹកមីយ៉ាន់ម៉ា បានសម្រេចបោះបង់ក្តីស្រមៃក្នុងការបង្ហាញខ្លួនក្នុងមហាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាពិក ឬ Tokyo Olympics ចោលដើម្បីបង្ហាញនូវការប្រឆាំងចំពោះរបបសឹកភូមា ដែលបានធ្វើរដ្ឋប្រហារយោធា និងថែមទាំងបានសម្លាប់ ក៏ដូចជាចាប់ឃុំឃាំងជនសុីវិលដែលនាំគ្នាតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ផងដែរនោះ។

Win Htet Oo ដែលជាកីឡាករហែលទឹកឆ្នើមបំផុតមួយរូបរបស់មីយ៉ាន់ម៉ា នោះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា រូបគេមិនមានទឹកចិត្តនឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ឡើយព្រោះថា ការទទួលស្គាល់គណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា (Myanmar Olympic Committee) គឺប្រៀបបាននឹងការទទួលស្គាល់ “ក្រុមឃាតករ” ហើយថាការគ្រវីទង់ជាតិក្នុងពិធីហែរក្បួនបើកការប្រកួតអូឡាំពិកគឺដូចជាការដើរជាន់ “ឈាម” របស់ប្រជាជនមីយ៉ាន់ម៉ាដែលបានបាត់បង់ជីវិតក្រោមស្នាដៃពួកយោធា។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានបន្ថែមថា៖ “សម្រាប់ខ្ញុំឱកាសចូលរួមប្រកកួតនេះវាគ្រាន់តែជាក្តីស្រមៃរបស់យុវជនម្នាក់ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងប្រទេសរបស់ខ្ញុំពេលនេះមានយុវជនរាប់លាននាក់កំពុងតែបាត់បង់ក្តីស្រមៃ និងស្ថិតក្នុងអនាគតមួយដ៏ខ្មៅងងឹតហើយខ្ញុំចង់ចូលរួមជាមួយពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងភាពយង់ឃ្នង…ហើយខ្ញុំពិតជាមានភាពខ្ពើមរអើមដែលត្រូវបង្ខំចិត្តញញឹមហើយដើរក្នុងក្បួនព្យុះហយាត្រាជាមួយនឹងការប្រឹងសម្តែងថាមិនមានរឿងអ្វីកើតឡើងនៅក្នុងប្រទេសរបស់ខ្ញុំឡើយ។”

សូមបញ្ជាក់ថា Win Htet Oo ទើបតែបានកសាងសមិទ្ធិផលដ៏ល្អប្រសើរលើវីញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រដោយទទួលជោគជ័យក្នុងការប្រកួតកីឡាអាសុី ឬ Asian Games 2019 ដើម្បីទទួលបានសិទ្ធិចូលរួមកីឡាអូឡាំពិកឆ្នាំនេះ ខណៈដែលពេលបច្ចុប្បន្នរូបគេកំពុងរស់នៅ និងហ្វឹកហាត់នៅក្នុងប្រទេសអូស្ត្រាលី។

សម្រាប់អំពើហិង្សាដែលកំពុងកើតមាននៅក្នុងប្រទេសកំណើតរបស់គេវិញ គិតមកទល់ពេលនេះគេដឹងថា មានមនុស្សប្រមាណជាជាង​ ៧០០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធទៅនឹងក្រុមរបបសឹកភូមាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី Aung San Suu Kyi នោះដែលភាគច្រើនសុទ្ធតែជាយុវជន និងក្រុមបញ្ញាវន្ត៕

 

ប្រភព៖ swimmingworldmagazine

មតិយោបល់