សហព័ន្ធកីឡាទោចក្រយាន បែងចែកការហ្វឹកហាត់ ៣ប្រទេសផ្សេងគ្នា ត្រៀមស៊ីហ្គេម ចុងឆ្នាំនេះ

មាស សុផាណារ៉ុង April 30, 2021


 

ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅរកភាពជោកជ័យ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអនុវត្តតាមផែនរបស់ខ្លួន ដែលបែងចែកកីឡាករ-កីឡាការិនី ចេញទៅហ្វឹកហាត់រយៈពេលវែង ៣ប្រទេសផ្សេងៗគ្នា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំនេះ។

អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក នូ ចំរើន បានមានប្រសាសន៍តាមបណ្ដាញសង្គម Telegram កាលពីម្សិលមិញនេះថា៖ “នាខែឧសភានេះ សហព័ន្ធនឹងធ្វើការបញ្ជូលអត្តពលិកកង់កួក ចេញទៅហ្វឹកហាត់ នៅប្រទេសបារាំង ចំនួន៣នាក់ រយៈពេលវែង (៣ខែ) ។”

ក្រៅពីនេះ អត្តពលិកផ្សេងទៀត ក៏បានបែងចែកទៅហ្វឹកហាត់នៅខេត្តសៀមរាប ប្រភេទកង់ភ្នំ នៅតាមផ្ទះ ក្នុងទីក្រុងភ្នំពេញ និងកីឡាករម្នាក់ទៀតប្រភេទកង់កួកដែលជាកូនកាត់ខ្មែរ-អាមេរិក ដែលធ្វើការហ្វឹកហាត់នៅប្រទេសអាមេរិកផ្ទាល់តែម្ដង ដើម្បីត្រៀមចូលរួមប្រកួតដណ្ដើមជ័យលាភី នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ខាងមុខនេះ។

អគ្គលេខាធិការរូបនេះបានបញ្ជាក់ពីកីឡាករកូនកាត់ខ្មែរ-អាមេរិកនេះថា៖ “កីឡាករ Johnny Phan គឺជាអត្តពលិកជំនាញប្រភេទកង់គួក (Road Bike) ដោយមាននបទពិសោធន៍ក្នុងការប្រកួតជាង ១០ឆ្នាំមកហើយ ជាពិសេសនៅក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ រូបគេគឺជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់ (Elite level Cycling Team) នៅសហរដ្ឋអាម៉េរិក។”

លោកបន្តថា៖ “យើងមិនទាន់ហ៊ានរំពឹងខ្លាំងទេ ព្រោះក្នុងបរិបទនេះមានការរំខានយ៉ាងខ្លាំងពីជម្ងឺកូវីដ-១៩ ប៉ុន្តែកីឡាករ និងគ្រូបង្វឹកយើងទាំងអស់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានដាក់ទិសដៅ ថ្មីដើម្បីប្រកួតប្រជែងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ។”

គួបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតដណ្ដើមមេដាយ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕

 

អត្ថបទ៖ យឺន ពន្លឺ

មតិយោបល់