កាយសម្ព័ន្ធ នៅសល់៦ខែទៀតក្នុងការត្រៀមស៊ីហ្គេមនៅវៀតណាម ខណៈគ្រូបង្វឹករុស្សី ពន្យារពេលព្រោះកូវីដ១៩

មាស សុផាណារ៉ុង April 29, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅសល់ពេលតែ ៦ខែជាងទៀតប៉ុណ្ណោះ ក្នុងការត្រៀមប្រកួតប្រជែងយកមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាចុងឆ្នាំនេះ ពោលគឺនាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខណៈរយៈពេលប៉ុណ្ណឹងមិនវែងហើយក៏មិនខ្លីពេកសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធនេះ។

អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានមានប្រសាសន៍ថាតាមបណ្ដាញសង្គម Telegram នាព្រឹកនេះថា៖ “សហព័ន្ធបានត្រៀមបញ្ជូនអត្តពលិក ៦រូប ដែលមានកីឡាករ ៤នាក់ និងកីឡាការិនី ២នាក់ ទៅប្រជែងមេដាយនៅស៊ីហ្គេម ប្រទេសវៀតណាម ចុងឆ្នាំ២០២១ នេះ ខណៈដែលក្នុងនោះសហព័ន្ធនឹងបញ្ជូនកីឡាករជម្រើសជាតិម្នាក់ទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន នាខែសីហាខាងមុខនេះផងដែរ។”

លោកបានបន្ថែមថា យោងតាមផែនការ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយតែអ្វីដែលជាកត្តាសំខាន់នោះលក្ខណៈបច្ចេកទេសនៅមានកម្រិតដោយសារតែមានការរាំងស្ទះពីជំងឺកូវីត-១៩ ដែលធ្វើឱ្យកីឡាករទទួលបានការហ្វឹកហាត់មិនបានទូលំទូលាយនោះទេ គឺបានត្រឹមតែហ្វឹកហាត់ជាមូលដ្ឋានគ្រឹះ តាមរយៈOnline ប៉ុណ្ណឹង។ លោកសង្ឃឹមថា រយៈពេល ១ខែទៀត ទៅ ២ខែស្ថានភាពនៃជំងឺនេះនឹង សម្ងំស្ងាត់ទៅវិញហើយគ្រប់ប្រភេទកីឡាទាំងអស់នឹងបានទទួលការហ្វឹកហាត់ពេញលេញឡើងវិញផងដែរ។

លោកបានបន្តទៀតថា៖ “សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជួលគ្រូបង្វឹកម្នាក់មកពីប្រទេសរុស្ស៊ី ដើម្បីជួយជំរុញបច្ចេកទេសលើផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិកនៅក្នុងប្រទេសកម្ពុជាយើង ប៉ុន្តែដោយសារជំងឺកូវីត មិនទាន់ធូស្រាលយើងផ្អាកសិន ចាំស្ថានការណ៍បានប្រសើរឡើងវិញ យើងនឹងធ្វើលិខិតស្នាមអញ្ជើញគាត់មកកម្ពុជានា ខែឧសភា ឆាប់ៗនេះ។ ប្រសិនបើគាត់អាចមកបាន យើងនឹងទទួលតែបើស្ថានភាពតឹងតែង យើងនឹងពន្យារពេលតាមជាក់ស្តែងតែម្តង។”

ជាមួយគ្នានេះដែរក្នុងនោះសហព័ន្ធក៏ត្រៀមបញ្ជូនអត្តពលិក ១០នាក់ ទៅធ្វើការហ្វឹកហាត់ នៅប្រទេសចិនរយៈពេលវែង នាអំឡុងចុងខែសីហា និងដើមខែកក្កដា ខាងមុខ ដើម្បីត្រៀមទាំងស៊ីហ្គេមនៅវៀតណាម និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ។

ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមនេះនឹងត្រូវប្រព្រឹត្តទៅតាមកាលកំណត់ ដោយមិនពន្យារពេលនោះឡើយ ហើយអត្តពលិកទាំង ៦នាក់ ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គ្រោងបញ្ជូនទៅចូលរួមការប្រកួតនេះមានកីឡាករ វ៉ៃ សុភត្រា, ជឿន ចាន់បុរី, ង៉ែត តុលា, ហាក់ សុខហ៊ កីឡាការិនី យ៉ួង ថាន់ណា និង ម៉ូ ស្រីពៅ រួចទាំងប្រតិភូម្នាក់និង គ្រូបង្វឹកម្នាក់ផងដែរ៕

 

អត្ថបទ៖ យឺន ពន្លឺ

មតិយោបល់