អូស្ត្រាលី អនុម័តការចាក់វ៉ាក់សាំង COVID-19 ឱ្យបានលឿនបំផុតដល់អត្តពលិកដែលត្រូវប្រកួតអូឡាំពិក

មាស សុផាណារ៉ុង April 28, 2021


 

អូស្ត្រាលី៖ គណៈកម្មាធិការជាតិអូឡាំពិកអូស្ត្រាលី បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ អំពីយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ឱ្យបានលឿនបំផុតដល់អត្តពលិករបស់ខ្លួនទាំងអស់ដែលត្រូវចូលរួមប្រកួតអូឡាំពិករដូវក្តៅ នាខែកក្កដា ខាងមុខនេះ ដោយរដ្ឋាភិបាលអូស្ត្រាលីបានកំណត់ថា ពួកគេមិនត្រូវការរង់ចាំដើម្បីចាក់តាមលំដាប់លំដោយឡើយ ប៉ុន្តែត្រូវទទួលបានសិទ្ធិជាអាទិភាពតែម្តង។

កាលពីម្សិលមិញ លោក Greg Hunt រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសនេះ បានបញ្ជាក់ថា អត្តពលិករួមទាំងក្រុមមន្ត្រី និងបុគ្គលិកដែលពាក់ព័ន្ធទាំងជាង ២០០០នាក់នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងមុនពេលចេញដំណើរទៅប្រកួតនៅប្រទេសជប៉ុន ដោយបានកំណត់យ៉ាងច្បាស់ថា ពួកគេគ្រប់គ្នានឹងទទួលបាន “សុវត្ថិភាព” ពេញលេញទាំងមុនប្រកួត និងទាំងពេលត្រលប់មកវិញ។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអូស្ត្រាលី លោក Matt Carroll បានថ្លែងស្វាគមន៍ចំពោះការសម្រេចចិត្តនេះ និងបានហៅថាវាជាព័ត៌មានដ៏អស្ចារ្យសម្រាប់កីឡាករ-កីឡាការិនី ព្រមទាំងមន្ត្រីកីឡាទាំងអស់ ហើយសង្ឃឹមថាសាធារណជននឹងយោគយល់ចំពោះករណីនេះ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រជាជនអូស្រ្តាលី តិចជាង ២លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជាជនសរុបប្រមាណជាជាង ២៥លាននាក់ ជាហេតុនាពេលកន្លងមកប្រជាជនមួយចំនួនបានបង្ហាញការមិនពេញចិត្ត ព្រោះពួកគេយល់ថាដំណើរការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវដោយក្រុមគ្រូបង្រៀន បុគ្គលិកផ្នែកសុខាភិបាល រួមទាំងចាស់ជរាផងនៅមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញនៅឡើយ៕

 

ប្រភព៖ theguardian.com

មតិយោបល់