អូស្ត្រាលី បង្ហាញក្តីកង្វល់ចំពោះ “អសុវត្ថិភាព” ក្នុងការចូលរួមប្រកួតអូឡាំពិករដូវក្តៅ នៅជប៉ុន

មាស សុផាណារ៉ុង April 25, 2021


 

អូស្ត្រាលី៖ ក្រុមអត្តពលិកអូស្ត្រាលី បានបង្ហាញនូវក្តីកង្វល់ចំពោះសុវត្ថិភាពរបស់ពួកគេក្នុងការចូលរួមប្រកួតអូឡាំពិករដូវក្តៅ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅ ៣ខែខាងមុខ ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចអាសុីមួយនេះកំពុងតែទទួលរងការវាយប្រហារពីរលកទី៤ នៃវីរុសកូវីដ-១៩។​

ការបង្ហាញក្តីកង្វល់នេះកើតឡើងក្រោយពីរាជរដ្ឋាភិបាលជប៉ុន បានប្រកាសដាក់រាជធានីតូក្យូក្នុងភាពអាសន្នរួមជាមួយនឹងតំបន់ ៣ផ្សេងទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសហើយថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅតាមការគ្រោងទុកដោយមិនមានការលើកពេលទៀតនោះទេ។

សូមបញ្ជាក់ថា ការប្រកួត The 2020 Summer Olympics គ្រោងរៀបចំឡើងតាំងពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានសម្រេចលើកពេលវិញនាអំឡុងខែមីនាឆ្នាំ២០២០ ដដែលនោះ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩ កើតមានឡើងយ៉ាងគំហុក ដូចនេះ រាជរដ្ឋាភិបាលជប៉ុនបានប្តូរមកប្រារព្ធធ្វើនាថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នេះវិញ៕

 

ប្រភព៖ channelnewsasia.com

មតិយោបល់