កីឡាចំនួន ១០ប្រភេទ កំពុងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ត្រៀមស៊ីហ្គេម ២០២១ នៅវៀតណាម

មាស សុផាណារ៉ុង April 8, 2021


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC កំពុងតាមដានត្រួតពិនិត្យមើលវឌ្ឍនភាពការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ ដើម្បីកសាងសមត្ថភពរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលត្រូវហ្វឹកហាត់ត្រៀមផង និងត្រូវតែទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងពេលជាមួយគ្នាដែរ ដោយវិបត្តិនេះកំពូងបង្កផលប៉ះពាល់ជាទូទៅ ក៏ដូចជាប៉ះពាល់ដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិយើងដែរ។ ទោះយ៉ាងនេះក្តី ក៏ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំត្រូវបានធ្វើឡើងប្រមាណ ១០ប្រភេទកីឡាហើយ។ នេះបើយោងតាមការចេញផ្សាយដោយទំព័រផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC Cambodia SEA GAMES 2023

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC គូសបញ្ជាក់ថា៖ «បច្ចុប្បន្នយើងបានមូលមតិគ្នានៅក្នុងកិច្ចពិភាក្សាគ្នាជាញឹកញាប់ជាមួយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តមទទួលបន្ទុកវិស័យកីឡាទាំងមូល បានបង្ហាញឆន្ទៈចង្អុលឲ្យក្រុមការងារបច្ចេកទេសទាំងអស់ ឲ្យរៀបចំការហ្វឹកហាត់បន្ត ក៏ដូចជាស្នើសុំឲ្យសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ ឲ្យពិនិត្យមើលលទ្ធភាពនៃការប្រមូលផ្តុំឡើងវិញ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ដូច្នេះពេលវេលានេះកាន់តែខើចទៅៗ ដែលយើងត្រូវតែរៀបចំការប្រមូលផ្តុំហ្វឹកហាត់ត្រៀមឲ្យបានមុនពេលប្រកួតយ៉ាងហោចណាស់ ក៏បាន ៧ខែទៅ៨ខែដែរ ដើម្បីបង្កើនសមត្ថភាពកម្លាំងកាយបច្ចេកទេសរបស់យើង ឲ្យមានសមត្ថភាពមួយមានភាពស្មើមុខស្មើមាត់ទាំងកម្លាំងកាយ បច្ចេកទេស ក្នុងការប្រកួតប្រជែងមេដាយ តាមគោលបំណងរបស់យើងដែលចង់បាន។»

មកដល់ពេលនេះ មានសហព័ន្ធកីឡាជាតិប្រមាណ ១០ហើយ ដែលចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមស៊ីហ្គេម ចុងឆ្នាំ២០២១ ខណៈសហព័ន្ធកីឡាជាតិផ្សេងៗទៀត កំពុងរៀបចំពិនិត្យមើលលទ្ធភាពប្រមូលផ្តុំ ដូចជានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានទីធ្លាហ្វឹកហាត់ធំទូលាយ ដែលមានប្រមាណ ១០ប្រភេទកីឡាដែរ សម្រាប់ការហូបចុក ស្នាក់នៅរួម ហ្វឹកហាត់រួម បានប្រមាណ ៣០០នាក់នៅទីនោះ។ ប្រសិនបើក្រោយបញ្ចប់វិបត្តិជំងឺកូវីដ-១៩នោះ ការប្រមូលផ្តុំហ្វឹកហាត់ទ្រង់ទ្រាយធំគ្រប់ប្រភេទកីឡាទាំងអស់ នឹងត្រូវធ្វើឡើងភ្លាមៗ ដើម្បីត្រៀមប្រជែងមេដាយ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖ «CAMSOC តែងតែធ្វើទំនាក់ទំនងជាប់រហូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រសួងកីឡាចិន តាមរយៈស្ថានទូតចិន តែងតែបញ្ជូនសារទៅវិញទៅមកជាមួយកម្ពុជា ក្នុងការភ្ជាប់ជំនួនអភិវឌ្ឍជំនាញបច្ចេកទេសកីឡាកម្ពុជាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលជាការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយយើងបានត្រៀមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬពីរនាក់ ក្នុង ១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រងដឹកនាំកូនសិស្សរបស់ខ្លួន សម្រាប់ការហ្វឹកហាត់នៅប្រទេសចិន ដោយត្រៀមចេញទៅហ្វឹកហាត់នៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២១។»

អត្តពលិក ចំនួន ១៥៣នាក់ របស់កម្ពុជានេះ គឺជាអត្តពលិកដែលមានគុណភាពខ្ពស់ៗជាងគេបំផុតក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើសដោយខ្លួនឯង។ ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជាលើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេ ត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រជាខ្មែរផ្សេងៗទៀតរស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្តឲ្យបន្តការហ្វឹកហាត់ក្នុងពេលដំណាលគ្នាផងដែរ៕

 

ដកស្រង់ និងកែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់