“ភូមិកីឡា វើលដ៍ប្រ៊ីដ” ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់បម្រើការនៅស៊ីហ្គេម ឆ្នាំ២០២៣ ជិតលេចចេញជារូបរាងឆាប់ៗនេះ

មាស សុផាណារ៉ុង April 1, 2021


 

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រីដ” ទំនើបដំបូងគេបង្អស់ សម្រាប់បម្រើការនៅស៊ីហ្គេម ឆ្នាំ២០២៣ មួយនឹងផុសរូបរាងឡើងភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

កម្មវិធីបើកសម្ពោធសាកល្បង លក់គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» នេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ស្របពេលដែលគម្រោងដ៏ធំប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (SEA Games 2023) និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈរបស់កម្ពុជា។

គម្រោងនេះ នឹងសាងសង់អម ជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុង នាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ។

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយ នឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ ការរស់នៅ និងវិនិយោគនាពេលអនាគត។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុននេះដឹកនាំដោយលោកឧកញ៉ា សៀរ រិទ្ធី បានធ្វើបទបង្ហាញជូនគណៈអចិន្ត្រៃយ៍ ដែលដឹកនាំអង្គប្រជុំដោយឯកឧត្តមបណ្ឌិត ថោង ខុន កាលពីចុងខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលលើភាពបន្ស៊ីគ្នារវាងសំណង់ និងតម្រូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងពេលស៊ីហ្គេម ដែលភូមិកីឡាមានអគារស្នាក់នៅ វីឡាមួយចំនួនទៀត សម្រាប់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមានបន្ទប់ស្នាក់នៅជាង ១,៧០០បន្ទប់ ក្នុងនោះមានបន្ទប់ខ្លះមានគ្រែ១ ដល់គ្រែ៥ ដែលមានបំពាក់សម្ភារៈមួយចំនួននៅតាមបន្ទប់ផងដែរ ដើម្បីផ្តល់ផាសុកភាពជូនដល់កីឡាករ-កីឡាការិនី ដែលស្នាក់នៅក្នុងពេលស៊ីហ្គេម ដែលមានរយៈពេលប្រមាណ ១ខែ ដោយសារអត្តពលិកអន្តរជាតិ អាចមកមុនពេលស៊ីហ្គេម ជាង១០ថ្ងៃ និងក្រោយស៊ីហ្គេម ពី២ ទៅ៣ថ្ងៃ។

នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។

ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣០០០នាក់ទៀត សរុបប្រមាណ ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់ កាន់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជន ដែលមានទំនើបកម្មក្នុងតំបន់៕

 

រូបភាព៖ WorldBridge Sport Village

មតិយោបល់